យន្តហោះរបស់ ​កូរ៉េខាងត្បូង ដឹក​មនុស្ស ១៧៣ នាក់ ជួប​គ្រោះ​ថ្នាក់​​ពេល​​ចុះ​ចត

យន្តហោះ Airbus SE A330 ដែល​បាន​ជួប​គ្រោះ​ថ្នាក់​

យន្តហោះ Airbus របស់​ក្រុមហ៊ុន Korean Air បាន​ជួប​គ្រោះ​ថ្នាក់​​ដោយ​សារ​តែ​​​ជ្រុល​ចេញ​ពី​ផ្លូវ​រត់​ពេល​ចុះ​ចត​នៅ ហ្វ៊ីលីពីន ប៉ុន្តែ​សំណាង​ល្អ មនុស្ស​ទាំង ១៧៣ មិន​បាន​រងរបួស។

ក្រុម​ហ៊ុន​អាកាសចរណ៍​កូរ៉េខាង​ត្បូង Korean Air ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា យន្តហោះ Airbus SE A330 នៃ​ជើង​ហោះ​ហើរ​លេខ KE361 បាន​បរ​ជ្រុល​ចេញ​ពី​ផ្លូវ​រត់​ក្នុង​ការ​ចុះ​ចត​ទី ៣ នៅ​វេលាម៉ោង​ ២៣ និង ០៧ នាទី ថ្ងៃទី ២៣ តុលា នៅ​ព្រលាន​យន្តហោះអន្តរ​ជាតិ​ Mactan-Cebu លើ​កោះ Mactan នៃ​ខេត្ត​ Cebu របស់​ ប្រទេស​ហ្វ៊ីលីពីន​។

នៅ​ក្នុង​ហេតុ​ការ​ខាងលើ អ្នក​ដំណើរ​ និង​បុគ្គលិក​ហោះ​ហើរ​ ១៧៣ នាក់ មិន​បាន​រង​របួស​អ្វី​ឡើយ​។ យន្ត​ហោះ​នេះ​បាន​ធ្វើ​ដំណើរ​ពី​ Incheon និង​បាន​ព្យាយាម​ចុះ​ចត​ ២ លើក ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​សារ​​អាកាស​ធាតុ​មិន​អំណោយ​ផល​ មុន​ពេល​ជួប​គ្រោះ​ថ្នាក់​នៅ​ក្នុង​ការ​ចុះ​ចត​លើ​ទី ៣​។

យន្តហោះ Airbus SE A330 ដែល​បាន​ជួប​គ្រោះ​ថ្នាក់​

«អ្នកដំណើរ​ត្រូវ​បាន​នាំ​ទៅ​កាន់​សណ្ឋាគារ​ ៣​ នៅ​ក្នុង​តំបន់​។ យើង​ខ្ញុំ​កំពុង​តែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ហេតុ​ការណ៍​នេះ​ ជើង​យន្តហោះ​ជំនួស​កំពុង​ត្រូវ​បាន​រៀប​ចំ» ក្រុម​ហ៊ុន​ Korean Air ប្រកាស​ដូច្នេះ​។

យន្តហោះ​មួយ​គ្រឿង​របស់​ Korean Air នៅ Incheon របស់ កូរ៉េខាងត្បូង

ក្រុម​ហ៊ុន​ Korean Air មិន​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ឡើយ​ រាប់​ចាប់​ពី​ឆ្នាំ​ ១៩៩៧ នេះ​បើ​តាម​បណ្ដាញ​សុវត្ថិភាព​អាកាស​ចរណ៍​ (ASN)។ កាល​ពី​ឆ្នាំ​ ១៩៩៧ ក្រុម​ហ៊ុន​ Korean Air ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​គុណភាព​សុវត្ថិភាព​មិន​មាន​ស្ថិរភាព​ ប៉ុន្តែ​បាន​កែលំអ​ឡើង​វិញ​ បន្ទាប់​ពី​មាន​ជំនួយ​របស់ Boeing និង Delta Air Lines៕

Advertisement