កូរ៉េខាង​ជើង និង​កូរ៉េខាងត្បូង បាញ់​ព្រមាន​គ្នា​នៅ​លើ​សមុទ្រ

កូរ៉េខាងត្បូង ថ្ងៃ​នេះ​បាន​បាញ់​ព្រមាន​កប៉ាល់​របស់ កូរ៉េខាងជើង ដែល​ឆ្លង​កាត់​​ដែន​ទឹក​របស់​ប្រទេស​ទាំង​ពីរ ធ្វើ​ឱ្យ​ ព្យុង​យ៉ាង បាញ់​កាំជ្រួច​ហ្វូង​ ១០ គ្រាប់​ដើម្បី​ជា​ការ​ឆ្លើយតប​។

ទីភ្នាក់ងារ​សារព័ត៌មាន KCNA ដក​ស្រង់សម្ដី​អ្នក​នាំពាក្យ​របស់​​ អគ្គ​បញ្ជាការដ្ឋាន​កងទ័ព​កូរ៉េខាងជើង បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​បាញ់​កាំជ្រួច​ហ្វូង​ ១០ គ្រាប់​​ទៅ​កាន់​សមុទ្រ​​ភាគ​ខាង​លិច​កាល​ពី​វេលា​ម៉ោង​ប្រហែល ៥ និង ១៥ នាទី​ ថ្ងៃទី ២៤ តុលា​។

ទីក្រុង​ព្យុងយ៉ាង​ បាន​ឱ្យដឹង​ថា នេះ​គឺជា​សកម្មភាព​ឆ្លើយ​តប​ក្រោយ​ពី​ កងទ័ព​កូរ៉េខាងត្បូង កាល​ពី​វេលា​ម៉ោង​ប្រហែល ៣ និង ៥០ នាទីក្នុង​ថ្ងៃ​ដដែល បាន​បាញ់​ព្រមាន​កប៉ាល់​របស់​ កូរ៉េខាង​ជើង ដែល​ឆ្លង​កាត់​ព្រំដែន​សមុទ្រ​របស់​ប្រទេស​ទាំង​ពីរ​។

អគ្គសេនាធិការចម្រុះនៃសាធារណរដ្ឋកូរ៉េ (JSC) ក្នុង​ពេល​នោះ​បាន​ប្រកាស​ថា បាន​បង្ខំ​ឱ្យ​កប៉ាល់​ជំនួញ​ពី​ កូរ៉េខាងជើង វិល​ត្រលប់​ទៅ​វិញ ក្រោយ​ពី​កប៉ាល់​នេះ​ឆ្លង​កាត់​ដែន​ទឹក​ភាគ​ខាង​ជើង​ (NLL) ក្បែរ​កោះ Baengnyeong។

NLL ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បន្ទាត់​ព្រំ​ដែន​សមុទ្រ​រវាង​ កូរ៉េខាងជើង និង​ កូរ៉េខាងត្បូង​។ នេះ​ក៏​ជា​កន្លែង​ដែល​ធ្លាប់​កើត​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​ កម្លាំង​របស់ ទីក្រុង​ព្យុង​យ៉ាង និង សេអ៊ូល កាល​ពី​ប៉ុន្មាន​​ឆ្នាំ​កន្លង​ផងដែរ​។

ភាព​តាន​តឹង​នៅ ឧបទ្វីប​កូរ៉េ ថ្មី​ៗ​នេះ​បាន​កើន​ឡើង​ខ្ពស់​នៅ​ពេល ទីក្រុង​ព្យុងយ៉ាង បាញ់​សាកល្បង​មីស៊ីល​ជា​បន្ត​បន្ទាប់​ ដោយ​លើក​ហេតុ​ផល​ថា ជា​ការ​ឆ្លើយតប​ទៅ​នឹង​សមយុទ្ធ​យោធា​រវាង វ៉ាស៊ីងតោន​ សេអ៊ូល​ និង​ តូក្យូ។ កូរ៉េខាងជើង ឱ្យ​ដឹង​ថា ការ​សាកល្បង​មីស៊ីល​របស់​ខ្លួន​គឺជា​​សមយុទ្ធ​ «វាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអែរ​យុទ្ធសាស្ត្រ»៕

Advertisement