សហភាព​អឺរ៉ុប ត្រៀម​ផ្ដល់​ជំនួយ​ជិត ១.៥ ពាន់​លាន​ដុល្លារ​/ខែ ដល់​ អ៊ុយក្រែន

ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​ស្រី Ursula von der Leyen

សហភាព​អឺរ៉ុប (EU) គ្រោង​នឹង​ផ្ដល់​ជំនួយ​ប្រហែល ១៧.៧ ពាន់​លាន​ដុល្លារ​ដល់ អ៊ុយក្រែន​ ក្នុង​ឆ្នាំ​ ២០២៣ ស្មើ​នឹងជិត​ ១.៥ ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ខែ​។

ក្នុងសន្និសីទ​សារព័ត៌មាន​កាល​ពីថ្ងៃទី ២១ តុលា ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen បាន​ឱ្យ​ដឹង​ថា EU គ្រោង​នឹង​ «ផ្ដល់​ជំនួយ​ ១.៥ ពាន់​លាន​អឺរ៉ូ (១.៤៦ ពាន់​លាន​ដុល្លារ) ជា​រៀង​រាល់​ខែ​ដល់​ អ៊ុយក្រែន។

«តួលេខ​សរុប​គឺ​ ១៨ ពាន់​លាន​អឺរ៉ូ (១៧.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​ឆ្នាំ​ក្រោយ​ ជា​ទឹក​ប្រាក់​ដែល អ៊ុយក្រែន​ អាច​ជឿ​ជាក់ ហើយ​ក៏​ជា​ប្រភព​ហិរញ្ញវត្ថុ​ស្ថិរភាព​​ ដែល​គួរ​ទុក​ចិត្ត​ និង​​ព្យាករ​បាន​» លោក​ស្រី von der Leyen ថ្លែង​ដូច្នេះ​។

លោក​ស្រី Leyen ក៏​បាន​ឱ្យ​ដឹង​ថា អ៊ុយក្រែន បាន​ស្នើ​ម្ចាស់​ជំនួយ​អន្តរជាតិ​ ផ្ដល់​ប្រភពម៉ាក្រូ​​សេដ្ឋកិច្ច​​ «ស្ថិរភាព គួរ​ជា​ទី​ទុក​ចិត្ត និង​អាច​ព្យាករ​ដឹង​បាន​»។

សំណើ​របស់ ទីក្រុង​កៀវ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ស្ថានការណ៍​ដែល​សេដ្ឋកិច្ច​របស់ អ៊ុយក្រែន ត្រូវ​បំផ្លាញ​​ក្រោយ​រយៈ​ពេល​ ៨ ខែ​ដែល​​សង្គ្រាម​បាន​ផ្ទុះ​ឡើង​។ អ៊ុយក្រែន គណនា​ឃើញ​ថា ពួក​គេ​ត្រូវ​ការ​យ៉ាង​តិច​ ៣.៩ ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ខែ​ពី​ប្រភព​ឥណទាន​ ឬ​ជំនួយ​ដើម្បី​ធានា​ដំណើរ​ការ​ជា​មូលដ្ឋាន​របស់​រដ្ឋាភិបាល​។

លោក​ស្រី Leyen បញ្ជាក់​ថា ទឹក​ប្រាក់​ទាំង​នេះ​នឹង​ត្រូវ​បានផ្ដល់​ដោយ​ សហភាព​អឺរ៉ុប អាម៉េរិក និង​បណ្ដា​អង្គការ​សេដ្ឋកិច្ច​អន្តរ​ជាតិ​ ហើយ​នឹង​​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ អ៊ុយក្រែន ជា​ទម្រង់​សាច់​ប្រាក់​។

ក្នុង​ប្រកាស​រួម​ក្រោយ​កិច្ច​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃទី ២១ តុលា ក្រុមមេដឹក​នាំ​របស់ EU បាន​ឱ្យ​ដឹង​ថា​នឹង​ប្រញាប់​ផ្ដល់​ ៣ ពាន់​លាន​អឺរ៉ូ (២.៩៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដែល​ត្រូវ​បាន​សម្រេច​បែង​ចែក​ឱ្យ​ អ៊ុយក្រែន​ នា​ពេល​កន្លង​។

Advertisement