រថយន្ត​ដឹក​ប្រេង​សាំង​​បុក​ស្ពាន​អាកាស បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​ផ្ទះ​ប្រជាជន​នៅ ម៉ិកស៊ិក (វីដេអូ)

អគ្គិភ័យ​ធំ​មួយ​បាន​កើត​ឡើង​បង្ក​ឱ្យ​មាន​សំឡេង​ផ្ទុះជា​ច្រើន​​គួរ​ឱ្យ​ភ័យ​ខ្លាច​ នៅ​ពេល​រថយន្ត​ដឹក​ប្រេង​សាំង​មួយ​គ្រឿង​បាន​បុក​ទៅ​នឹង​ស្ពាន​ឆ្លង​ផ្លូវ​នៅ​ទីក្រុង Aguascalientes ប្រទេស​ម៉ិកស៊ិក នាំ​ឱ្យ​អាជ្ញាធរ​ឈ្លៀស​​ប្រជា​ជន​ក្នុង​តំបន់​។

ក្រុម​មន្ត្រី​នៅ ទីក្រុង Aguascalientes ភាគ​កណ្ដាល​នៃ ប្រទេស​ម៉ិកស៊ិក បាន​ឱ្យ​ដឹង​ថា ករណី​គ្រោះ​ថ្នាក់​ខាងលើ​នេះ​កើត​ឡើង​ក្នុង​ថ្ងៃទី ២១ តុលា នៅ​ពេល​រថយន្ត​ដឹក​ប្រេងសាំង​មួយគ្រឿងបាន​បុក​ស្ពាន​អាកាស​ឆ្លង​ផ្លូវ​ដែក​ បណ្ដាល​ឱ្យ​មាន​អណ្ដាត​ភ្លើង​សន្ធោសន្ធៅ ឆេះ​រាល​ដាល​ដល់ផ្ទះ​ជា​ច្រើន​ខ្នង​ដែល​​​នៅ​ក្បែរ​នោះ​។

ប្រធាន​អាជ្ញាធរ​គ្រប់​គ្រង​អគ្គិភ័យ​របស់ទីក្រុង Aguascalientes លោក Miguel Murillo បាន​និយាយ​ថា មនុស្ស​ប្រហែល​ពី ៨០០ ទៅ ១,០០០ នាក់ ត្រូវ​បាន​ឈ្លៀស​ទៅ​រក​កន្លែង​សុវត្ថិភាព​។ ជនរង​គ្រោះ ១២ នាក់​ត្រូវ​បាន​សង្គ្រោះ​ពី​ផ្ទះ​ដែល​កំពុង​ឆាប​ឆេះ ប៉ុន្តែ ពុំ​មាន​អ្នក​ណា​ម្នាក់​បាត់បង់ជីវិត​។

សមត្ថកិច្ច​នៅ Aguascalientes បាន​ឱ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ត​ដែល​បាន​បង្ក​​​គ្រោះ​ថ្នាក់​ខាងលើ​ត្រូវ​បាន​ប៉ូលិស​​ចាប់​ខ្លួន​ ក្រោយ​ពី​​ហេតុការណ៍​នេះ​បាន​កើត​ឡើង។

Advertisement