មហាសេដ្ឋី​ ប៊ីល ហ្គេត (Bill Gates) ៖ វិបត្តិ​ថាមពល​នៅ​អឺរ៉ុប គឺជា​ដំណឹង​ «ល្អ»

មហា​សេដ្ឋី​អាម៉េរិក លោក​ ប៊ីល ហ្គេត​ បាន​ថ្លែង​ថា ស្ថាន​ភាព​ខ្វះ​ឧស្ម័ន​ និង​ប្រភព​ផ្គត់ផ្គង់​នឹង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​នៅ អឺរ៉ុប ងាក​ទៅ​រក​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ​។

ឆ្លើយ​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ CNBC កាល​ពី​ម្សិលមិញ សហស្ថាបនិក​របស់ Microsoft លោក ប៊ីល ហ្គេត យល់​ថា វិបត្តិ​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​របស់ អឺរ៉ុប គឺ​ពិត​ជា​ប្រការ «ល្អ បើគិត​វែង​ឆ្ងាយ»។

លោក​ ហ្គេត បកស្រាយ​ថា សាធារណជន​ «ជឿជាក់​ថា ការ​ងាក​ទៅ​រក​ថាមពល​កកើត​ឡើង​វិញ​អាច​អនុវត្ត​បាន​ឆាប់»។ ប៉ុន្តែ លោក​ក៏​បាន​សង្កត់​ធ្ងន់​ថា ដំណើរ​ការ​នេះ​ត្រូវ​ការ​ពេល និង​​ផែនការ​ដើម្បី​ពន្លឿន​ដំណើរការ​ផ្លាស់​ប្ដូរ​។

សហភាព​អឺរ៉ុប (EU) ថ្មី​ៗ​នេះ​បាន​ឯកភាព​គ្នា​ក្នុង​ការ​កាត់​បន្ថយ​ ១៥% នៃ​តម្រូវ​ការ​ឧស្ម័ន​នៅ​ក្នុង​រដូវ​រងានេះ​ «ដើម្បី​ត្រៀម​សម្រាប់​លទ្ធភាព​ដែល​ប្រភព​ផ្គត់​ផ្គង់​ឧស្ម័ន​ពី រុស្ស៊ី ត្រូវ​បាន​ផ្អាក​ទាំង​ស្រុង»។

រុស្ស៊ី បាន​ផ្គត់ផ្គង់​ឧស្ម័ន​ប្រហែល ៤០% ទៅ​ឱ្យ​ អឺរ៉ុប មុន​ពេល​ មូស្គូ ចូល​ឈ្លាន​ពាន​ អ៊ុយក្រែន​ កាល​ពី​ខែ​កុម្ភៈ។ ប៉ុន្តែ រុស្ស៊ី ក៏​បាន​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​យ៉ាង​ច្រើន​ដល់​ អឺរ៉ុប​ ដោយ​សារ​ទណ្ឌកម្ម​ពី​សហភាព​នេះ​។

អាជ្ញាធរ​អឺរ៉ុប ទើប​តែ​បាន​ប្រកាស​អំពី​កញ្ចប់​វិធានការ​បន្ទាន់​ថ្មី​ដែល​អនុញ្ញាត​ឱ្យ​ អឺរ៉ុប ចរចា​ទិញ​ឧស្ម័ន​ក្នុង​តម្លៃ​ទាប​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ Karen Young ដែល​ជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​មជ្ឈមណ្ឌល Columbia ស្ដីពី​គោលនយោបាយ​ថាមពល​សកល បានឱ្យដឹង​ថា បណ្ដា​ប្រទេស​លោកខាងលិច​កំពុងតែ​ងាក​ទៅរក​ថាមពល​កកើតឡើង​វិញ។ ប្រការនេះ​កាន់តែ​ចាំបាច់​ដោយសារតែ​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បាន និង​កំពុង​បង្ក​ការ​​រាំងស្ទះដល់​ការផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​សម្រាប់​អឺរ៉ុប»។ លោកបន្ត​ថា «នេះ​ប្រាកដជា​ដំណាក់កាល​ចាប់ផ្ដើម​សម្រាប់​ការបញ្ចប់​ការរកស៊ី​មានបាន​ដោយសារ​ប្រេង​រ៉ែ»។

យោងតាម Young «តម្លៃ​ប្រេង​ឡើង​ខ្ពស់​ក្នុងឆ្នាំនេះ​មិន​ប្រក្រតី។ វា​មិន​ត្រឹមតែ​ជា​វិបត្តិ​ប្រេង ប៉ុន្តែ​គឺជា​ការប្ដូរ​ផ្លាស់​យ៉ាង​ធំ​ស្ដីពី​រចនាសម្ព័ន្ធ​ថាមពល​សកល»។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ក៏​បាន​ឱ្យដឹងដែរ​ថា បណ្ដា​ប្រទេស​នាំចេញ​ប្រេង​នៅ មជ្ឈិមបូព៌ា ត្រូវបាន​ព្យាករ​ថា រកបាន ១.៣ ទ្រី​លាន​ដុល្លារ​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ក្នុង​រយៈពេល ៤ ឆ្នាំ ដោយសារ​ការឡើង​ថ្លៃ​ប្រេង​នាបច្ចុប្បន្ន។ ប៉ុន្តែ ក្រុម​អ្នកជំនាញ​ព្រមាន​ថា ពួកគេ​មិនគួរ​ប្រើប្រាស់​ខ្ជះខ្ជាយ​ប្រាក់​ទាំងនេះ។ បណ្ដា​ប្រទេស​នៅ​មជ្ឈិមបូព៌ា គួរតែ​ការពារ​ខ្លួន​ពី​ការប្រែប្រួល​របស់​តម្លៃ​ប្រេង តាម​រយៈ​ការ​ប្រើប្រាស់​ប្រាក់​ទាំងនេះវិនិយោគ​ទៅ​លើ​វិស័យ​ផ្សេង​ៗ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ប្រភព​ចំណូល​ ចៀសវាង​ការពឹងផ្អែក​ទៅលើ​តែ​រ៉ែ​ប្រេង៕

Advertisement