យន្តហោះ​ចម្បាំង F-35 ធ្លាក់​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​អាម៉េរិក

យន្តហោះចម្បាំង​ F-35 មួយ​គ្រឿង​បាន​ជួប​គ្រោះ​ថ្នាក់​ និង​ឆាប​ឆេះ​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​ក្នុង​រដ្ឋ Utah ប៉ុន្តែ អ្នក​បើកបរ​គេច​ខ្លួន​ទាន់​ពេល​។

នៅ​វេលាម៉ោង​ប្រហែលជាង ១៨ ថ្ងៃទី ១៩ តុលា យន្តហោះ​ចម្បាំង F-35A Lightning II មួយ​គ្រឿង​បាន​ធ្លាក់​ដាំក្បាល​ចុះ​នៅ​ខាង​ចុង​ផ្លូវ​រត់​ នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​ Hill ក្នុង​រដ្ឋ Utah សហរដ្ឋ​អាម៉េរិក និង​បាន​ឆាប​ឆេះ​។ ភ្លាម​ៗ​នោះ កម្លាំង​សង្គ្រោះ​បាន​ចេញ​មក​ជួយ​ទប់​ទល់​នឹង​ហេតុការណ៍​ នេះ​បើ​តាម​ក្រុម​ហោះ​ហើរយន្តហោះ​ចម្បាំង​ (FW) លេខ ៣៨៨ ប្រកាស​នៅ​លើ Twitter។

រូប​ភាព​ដែល​ត្រូវ​បាន​ចែក​រំលែក​លើបណ្ដាញ​សង្គម​បង្ហាញ​ថា មាន​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ និង​ផ្សែង​​ខ្មៅ​បាញ់​ទៅ​លើ​យ៉ាង​ខ្ពស់​នៅ​កន្លែង​កើត​ហេតុ​។

អ្នក​បើកបរ​បាន​គេច​ផុត​ពី​យន្តហោះ​ និង​ត្រូវ​បាន​សង្គ្រោះ​ ហើយ​​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​។ បច្ចុប្បន្ន​ មិន​ទាន់​ដឹង​ច្បាស់ថា​ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​យន្តហោះ​នេះ​បណ្ដាល​មក​ពី​បញ្ហា​អ្វី​នៅ​ឡើយ​។

យន្តហោះ​ចម្បាំង F-35A Lightning II

«ខ្ញុំ​កំពុង​កាត់​ស្មៅ​នៅ​ក្បែរ​ផ្ទះ មើល​ F-35 ចុះ​ចត​នៅ​មូលដ្ឋាន​ដូច​រាល់​ល្ងាច។ មួយ​គ្រឿង​ហាក់​ដូច​ជួប​បញ្ហា​ និង​ហោះ​ចុះ​យ៉ាង​ទាប​ ក្រោម​មែកឈើ​។ បន្ទាប់​មក​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​» Scott Phillips ដែល​ជា​ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្បែរ​មូលដ្ឋាន​ទ័ព​អាកាស​ Hill រៀប​រាប់​អំពី​ហេតុ​ការណ៍​ធ្លាក់យន្តហោះ​នេះ​។

F-35A គឺជា​កំណែ​យន្តហោះ​ចម្បាំង​បំបាំង​កាយ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​ទ័ព​អាកាស​​អាម៉េរិក និង​សម្ព័ន្ធ​មិត្ត​។ នេះ​គឺជា​កំណែ​តូច និង​ស្រាល​បំផុត​ក្នុង​ក្រុម​ F-35 ហើយ​វា​មាន​សមត្ថភាព​ផ្លាស់​ទី​ខ្ពស់​ជាង​ធៀប​នឹង​ F-35B របស់​កងម៉ារីន និង F-35C របស់​ទ័ព​ជើង​ទឹក​៕

 

Advertisement