រុស្ស៊ី​ ប្រកាស​ប្រើ​​ច្បាប់​អាជ្ញាសឹក​នៅ​លើ​ទឹក​ដី​ ៤ ខេត្ត​ថ្មី​​ តែ អ៊ុយក្រែន​ ថា នឹង​នៅ​តែ​បន្ត​ការ​រំដោះ

លោក ពូទីន ប្រធានាធិបតី​របស់ រុស្ស៊ី

ក្រុម​ប្រឹក្សា​សហព័ន្ធ​រុស្ស៊ី​ បាន​ឯកភាព​គ្នា​ អនុម័ត​បទ​បញ្ជា​របស់​ ប្រធានាធិបតី​ ពូទីន ស្ដី​ពី​ការ​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក​នៅ ៤ ខេត្ត​ ​ដែល​ទើប​តែ​រឹប​អូស​បាន​ពី អ៊ុយក្រែន​។

កាលពី​ថ្ងៃទី ១៩ តុលា ក្រុម​ប្រឹក្សា​សហព័ន្ធ​រុស្ស៊ី​ បានអនុម័ត​បទ​បញ្ជា​របស់​ ប្រធានាធិបតី​ ពូទីន ស្ដី​ពី​ការ​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក​នៅលើ​ទឹក​ ៤ ខេត្ត​ ​រួម​មាន Donetsk, Lugansk, Kherson និង Zaporizhzhia ដែល​ប្រទេស​នេះ​ទើបតែ​បាន​​រឹប​អូស​ពី អ៊ុយក្រែន។ បទបញ្ជា​នេះ​នឹង​​​មាន​សុពលភាព​ចាប់​ពី​ម៉ោង ០០ និង​ ០០ នាទី​ ថ្ងៃទី ២០ តុលា​ ២០២២​។

មេដឹក​នាំ​រុស្ស៊ី ក៏​បាន​ចុះ​ហត្ថលេខា​លើ​​បទ​បញ្ជា​ស្ដីពី​ការ​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​តាម​កម្រិត​ផ្សេង​ៗ​គ្នា​សម្រាប់​បណ្ដា​តំបន់របស់​​ប្រទេស​នេះ​ ទាក់ទិន​នឹង​សង្គ្រាម​នៅ អ៊ុយក្រែន​។

មុន​នោះ នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ប្រធានាធិបតី​ ពូទីន បាន​ប្រកាស​ថា លោក​បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ស្ដី​ពី​ការ​អនុវត្ត​ច្បាប់​អាជ្ញាសឹក​នៅ​លើ​ទឹក​ដី​ ៤ ខេត្ត​ថ្មី​ដែល​ រុស្ស៊ី ទើប​តែ​បាន​ច្របាច់​បញ្ចូល​។

ទីប្រឹក្សា​ Mykhailo Podolyak របស់ ប្រធានាធិបតី​អ៊ុយក្រែន បាន​រិះ​គន់​ចំពោះ​បទ​បញ្ជា​ខាងលើ​ ដោយ​ចោទ​ថា នេះ​គឺជា «សកម្មភាព​ខុស​ច្បាប់​ក្នុង​បំណង​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​ ប្រជាជន​​អ៊ុយក្រែន​»។ «ប្រការ​នេះ​មិន​បង្ក​ឱ្យ​មាន​ការ​ប្រែប្រួល​ណា​មួយ​សម្រាប់​ អ៊ុយក្រែន​ ៖ យើង​នឹងនៅ​​តែ​បន្ត​រំដោះ​តំបន់​នានា​របស់​យើង​» លោក Podolyak បង្ហោះ​សារ​នៅ​លើ​ Twitter ដូច្នេះ​៕

Advertisement