ចំនួនប្រជាជនពិភពលោក​ជិត​កើន​ដល់​ ៨ ពាន់​លាន​នាក់ ៖ អង្គការ​សហប្រជាជាតិ​ថា «កុំភិតភ័យ»

មូលនិធិ​ប្រជាជន​អង្គការ​សហប្រជាជាតិ​ អំពាវនាវ​ដល់​ពិភពលោក​ថា កុំ​ភ័យភិត​នៅ​ពេល​ចំនួនប្រជាជនពិភពលោក​កើន​ដល់​ ៨ ពាន់​លាន​នាក់​ ហើយ​គួរ​តែ​ផ្ដោត​លើ​ការ​ជួយ​ដល់​ស្ត្រី និង​កុមារ​។

ចំនួនប្រជាជនពិភពលោក​គ្រោង​នឹង​កើន​ឡើង​ដល់ ៨ ពាន់​លាន​នាក់​នៅ​ថ្ងៃទី ១៥ វិច្ឆិកាខាងមុខ ក្នុង​គ្រា​ដែល​អ្នក​វិភាគ​មួយ​ចំនួន​បាន​សម្ដែង​ការ​បារម្ភ​អំពី​ផលប៉ះពាល់​នៃ​ការ​កើន​ឡើង​នេះ​ទៅ​លើ​ពិភពលោក​ដែល​កំពុង​តែ​ដោះ​ស្រាយយ៉ាង​ត្រដាប​ត្រដួស​នូវ​​បញ្ហា​វិសមភាព​ វិបត្តិ​អាកាស​ធាតុ ចំណាក​ស្រុក និងការ​ភៀស​ខ្លួន​​ដោយ​សារ​សង្គ្រាម​។

ក៏ប៉ុន្តែ បណ្ឌិត​ Natalia Kanem នាយិកា​ប្រតិបត្តិ​របស់​មូលនិធិ​ប្រជាជន​របស់ អង្គការ​សហប្រជាជាតិ​ (UNFPA) បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេសថា​ កុំ​មាន​ការ​ភ័យ​ភិត​ ប៉ុន្តែ ត្រូវ​ផ្ដោត​លើ​ការ​ជួយ​ដល់​ស្ត្រី​ និង​កុមា​ ជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​បំផុត​ នៅ​ចំពោះ​មុខការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​នេះ​។

«ខ្ញុំ​ដឹង​ថា ទិដ្ឋភាព​នេះ​មិន​ត្រូវ​បាន​មនុស្ស​គ្រប់​គ្នា​ទទួល​ស្វាគមន៍​។ មនុស្ស​មួយចំនួន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ពិភពលោក​នេះ​កំពុង​តែ​កកកុញ មនុស្ស​ច្រើនពេក និង​មិន​មាន​ប្រភព​ធនធាន​គ្រប់​គ្រាន​ដើម្បី​រក្សា​ជីវភាព​សម្រាប់​ពួក​គេ​។ ខ្ញុំ​សូម​និយាយ​ឱ្យ​បាន​ច្បាស់​ថា ចំនួន​ប្រជា​ជន​កើន​ឡើង​មិន​មែន​ជា​មូលហេតុ​ដើម្បី​ភិត​ភ័យ​ឡើយ​» លោក​ស្រី Kanem បញ្ជាក់​។

លោក​ស្រី ​Kanem ឱ្យ​ដឹង​ថា បើសិន​ជា​រដ្ឋាភិបាល​គ្រាន់​តែ​ផ្ដោត​ទៅលើ​តួលេខ នោះ​ពួក​គេ​មាន​ហានិភ័យ​ចាត់​វិធាន​ការ​​គ្រប់​គ្រង​លើ​ចំនួន​ប្រជាជន​ដែល​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ថា​ «មិន​មាន​ប្រសិទ្ធភាព​ តែ​ថែម​ទាំង​បង្ក​​គ្រោះ​ថ្នាក់​ទៀត​ផង​។

ដោយ​សារ​តែ​អត្រា​ចាប់​កំណើត​ថយចុះ​ ល្បឿន​នៃ​កំណើន​ប្រជា​ជន​ពិភពលោក​ដែល​ធ្លាប់​ឡើង​ដល់​ជាង​ ២% ក្នុង ១ ឆ្នាំ​ កាល​ពី​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០​ បច្ចុប្បន្ន​ថយ​មក​នៅ​ត្រឹម​ក្រោម​ ១%​។ ប៉ុន្តែ ទិដ្ឋភាព​សកល​កំពុង​តែ​មាន​ភាព​ខុស​គ្នា​ខ្លាំង ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​​។ អង្គការ​សហប្រជាជាតិ​គណនា​ឃើញ​ថា ៦០% នៃ​ចំនួន​ប្រជាជន​សរុប ​រស់​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​អត្រា​ចាប់​កំណើត​ស្ថិត​ក្រោម​ «កម្រិត​កើត​ជំនួស» (ជា​អត្រា​​ដែល​ចំនួន​ប្រជាជន​រក្សា​បាន​ស្ថិរភាព​ ដោយ​មិន​កើន​ និង​មិន​ថយ​ចុះ)។

៨ ប្រទេស​ ក្នុង​នោះ​មាន​ នីហ្សេរីយ៉ា អេត្យូពី និង ហ្វ៊ីលីពីន ត្រូវ​បានព្យាករ​ថា នឹង​កាន់​កាប់​ពាក់​កណ្ដាល​នៃ​អត្រា​កំណើន​ប្រជាជន​ក្នុង​ឆ្នាំ​ ២០៥០​។ ឥណ្ឌា គ្រោង​នឹង​យក​ឈ្នះ​លើ​ ចិន ចាប់​ពី​ឆ្នាំ​ក្រោយ​ ហើយ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក៕

Advertisement