ប្រទេសថៃ ចេញ​ច្បាប់​ថ្មី​ដើម្បី​ជំរុញ​ដំណើរ​ការ «​រដ្ឋាភិបាល​ឌីជីថល»

ប្រទេស​ថៃ ទើប​តែ​បាន​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​ស្ដីពីប្រសិទ្ធភាព​អេឡិចត្រូវនិច​របស់​ស្ថាប័ន​រដ្ឋ​ ដោយ​សង្ឃឹម​ថា​នឹង​ជំរុញ​បណ្ដា​ស្ថាប័ន​រដ្ឋ​ក្នុង​ការ​អនុវត្ត​ដំណើរ​ការ​អេឡិច​ត្រូនិច​ទៅតាម​គោលនយោបាយ​​ឌីជីថល​របស់​រាជរដ្ឋាភិបាល​។

យោង​តាម​ប្រភព​ព័ត៌មានពី​ បាងកក រាជរដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​ ទើប​តែ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា ច្បាប់​ស្ដីពី​ប្រសិទ្ធភាព​អេឡិច​ត្រូនិច​របស់​រដ្ឋបាល​ ដើម្បី​ជា​ការ​អនុវត្ត​ទៅ​តាម​​គោលនយោបាយ​​ឌីជីថល​របស់​រាជរដ្ឋាភិបាល​ប្រទេ​សនេះ​។

កាលពី​ថ្ងៃទី ១៣ តុលា អ្នក​នាំពាក្យ​រង​របស់ រាជរដ្ឋាភិបាល​ថៃ លោក​ស្រី Trisulee Trisaranakul បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ថៃ នឹង​មិន​ចាំបាច់​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ ឬ​សៀវ​ភៅគ្រួសារ​ថត​ចម្លង​​ដើម្បី​ទទួល​សេវាកម្ម​ពី​ស្ថាប័ន​រដ្ឋាភិបាល​ បន្ទាប់​ពី​ច្បាប់​ថ្មី​ត្រូវ​បាន​ប្រកាស​លើ​សារាចរ និង​​​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃទី ១២ តុលា​ ២០២២។

លោក​ស្រី Trisaranakul សង្កត់​ធ្ងន់​ថា ឥរិយាបថ​នេះ​គឺ​ដើម្បី​ជំរុញ​ឱ្យ​បណ្ដា​ស្ថាប័ន​រដ្ឋ​ប្រើប្រាស់​យន្តការ​អេឡិច​ត្រូនិច​ដើម្បី​ផ្ដល់​សេវាកម្ម​ដល់​ប្រជា​ពលរដ្ឋ​​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​ទិស​ដៅ​របស់ រាជរដ្ឋាភិបាល​ថៃ ក្នុង​ការ​​ប្រើប្រាស់​​ថ្នាល​ឌីជីថល​ និង​ការ​កែ​ទម្រង់​រដ្ឋបាល​។

ក៏ប៉ុន្តែ លោក​ស្រី Trisaranakul បញ្ជាក់​ថា ស្ថាប័ន​ដែល​ស្ថិត​ក្នុង​ក្រសួង​យុត្តិធម៌​ ក៏ដូចជា​បណ្ដា​អង្គការ​ឯករាជ្យ​ និង​បណ្ដា​ស្ថាប័ន​របស់​ការិយាល័យគណៈ​មេធាវី​ នឹង​មិន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​ថ្មី​នេះ​។

យោង​តាម​ច្បាប់​ថ្មី​នេះ ស្ថាប័ន​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​ព័ត៌មាន​អំពី​គេហទំព័រ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទាក់​ទង​ និង​កំណត់​យក​សេវាកម្ម​ដែល​ត្រូវ​គេ​ត្រូវ​ការ​។ ទន្ទឹម​នឹង​នេះ​ ស្ថាប័ន​រដ្ឋ​ក៏​ត្រូវ​មាន​ថ្នាល​បច្ចេកវិទ្យា​មួយ​ដើម្បី​ទាក់​ទង​នឹង​គ្នា​ផងដែរ​។

ស្ថាប័ន​រដ្ឋ​ដែល​ស្ថិត​ក្រោម​ក្របខណ្ឌ​នៃ​ច្បាប់​ថ្មី​នេះ​​ ត្រូវ​តភ្ជាប់​ និង​ការ​ពារ​ទិន្នន័យ​លើ​ថ្នាល​បច្ចេក​វិទ្យា​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ​ដើម្បី​ផ្ដល់​សេវាកម្ម​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស​ មាន​ប្រសិទ្ធភាព​ និង​ ​សុវត្ថិភាព​ទិន្នន័យ​​​៕

Advertisement