អ៊ុយក្រែន «ទទួល​មីស៊ីល​ការ​ពារ​ដែន​អាកាសដំបូង​​របស់ ​អាល្លឺម៉ង់»

កងទ័ព​អ៊ុយក្រែន បាន​ទទួល​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ IRIS-T ដំបូង​ពី ប្រទេស​អាល្លឺម៉ង់ ក្រោយ​ពី​ការ​វាយ​ប្រហារ​តាម​អាកាស​ទ្រង់​ទ្រាយ​ធំ​របស់ រុស្ស៊ី នេះ​បើ​តាម ទីភ្នាក់​ងារ​សារព័ត៌មាន ​អាល្លឺម៉ង់ Spiegel។

Spiegel បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រយៈ​ចម្ងាយ​មធ្យម​ IRIS-T SLM ដំបូង​សម្រាប់ អ៊ុយក្រែន រួម​មាន យាន​ជា​ទីបញ្ជាការ​មួយ​គ្រឿង​ យាន​រ៉ាដា​មួយ​គ្រឿង​ និង​ទម្រ​មួយ​​គ្រឿង​ដែល​បំពាក់​មីស៊ីល ៨ គ្រាប់​ ត្រូវ​បាន​ប្រគល់​ និង​ទទួល​នៅ ​ព្រំដែន​ប៉ូឡូញ-អ៊ុយក្រែន កាល​ពី​ថ្ងៃទី ១១ តុលា​។ សកម្មភាព​នេះ​ជួយ​ឱ្យ​ អ៊ុយក្រែន មាន​ប្រព័ន្ធ​ IRIS-T មុន​កងទ័ព​របស់ អាល្លឺម៉ង់ ទៅ​ទៀត​។

ក្រសួង​ការ​ពារ​ជាតិ​អាល្លឺម៉ង់ និង​ កងទ័ពអ៊ុយក្រែន មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​នៅ​ឡើយ ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ​។

ព្រឹត្តិការណ៍​ខាងលើ​បាន​កើត​ឡើង​បន្ទាប់​ពី​ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី ១០​​ តុលា បាន​ប្រកាស​ថា ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ដំបូង​សម្រាប់ អ៊ុយក្រែន នឹង​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ដើម្បី​ឆ្លើយតប​នឹង​ករណី​ «ស្រោច​» មីស៊ីលលើ​ទឹក​ដី​របស់ អ៊ុយក្រែន ពី​សំណាក់​កម្លាំង​របស់ រុស្ស៊ី។

IRIS-T អាច​បាញ់​បាន​ចម្ងាយ ៤០ គីឡូម៉ែត្រ និង​អាច​បាញ់​ទម្លាក់​គោល​ដៅ​នៅ​លើ​កម្ពស់​ ២០ គីឡូម៉ែត្រ​។ ប្រព័ន្ធ​ IRIS-T មួយ​ឈុត​ដែល​ពេញ​លេញ រួម​មាន​ យាន​ជា​ទីបញ្ជាការ​មួយ​គ្រឿង​ យាន​រ៉ាដា​មួយ​គ្រឿង​ និងយាន​ជា​​ទម្រចំនួន ៣ គ្រឿង​​​ដែល​បំពាក់​មីស៊ីល ២៤ គ្រាប់។

អាល្លឺម៉ង់ បាន​ប្រគល់​ឱ្យ​ អ៊ុយក្រែន នូវ ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​ Gepard ចំនួន ២៤ គ្រឿង, កាំភ្លើង​ធំ​ចល័ត​ PzH 2000 ចំនួន ១០ គ្រឿង​, គ្រាប់​ប្រឆាំង​រថក្រោះ​ Panzerfaust 3 ប្រហែល ៣,០០០ គ្រាប់​ អម​ជាមួយ​នឹង​កាណុង​ ៩០០ ដើម​, មីស៊ីល​ការ​ពារ​ដែន​អាកាស​ FIM-92 Stinger ចំនួន ៥០០ គ្រាប់​, ​មីស៊ីល​ Strela ២,៧០០ គ្រាប់​ រួម​នឹង​អាវុធ គ្រាប់​រំសេវ និង​សម្ភារៈ​យោធា​ជា​ច្រើន​ផ្សេងទៀត​ រាប់​ចាប់​ពី​ពេល​ រុស្ស៊ី​ បាន​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយក្រែន​៕

Advertisement