អាម៉េរិក ជំរុញ​ឱ្យ​សម្ព័ន្ធមិត្ត​​​​បង្កើន​ការ​ផ្ដល់​ជំនួយ​សម្រាប់​ អ៊ុយក្រែន

កាំភ្លើងធំ D-30 របស់ អ៊ុយក្រែន នៅ Kharkov កាលពីថ្ងៃទី ៥ តុលា

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក Janet Yellen អំពាវនាវដល់​សម្ព័ន្ធ​មិត្ត​ឱ្យ​ពន្លឿន​ការ​ផ្ដល់​ប្រាក់​ជំនួយ​ដល់​ អ៊ុយក្រែន ក្រោយ​ពី​មាន​ករណី​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ពី​មីស៊ីល​របស់ រុស្ស៊ី​ ទៅ​លើ​ទីក្រុង​ជា​ច្រើន​របស់​​ប្រទេស​ជិត​ខាង។

«យើង​កំពុង​អំពាវនាវ​ដល់​ដៃគូសហការ និង​សម្ព័ន្ធ​មិត្ត​ ឱ្យ​រួម​ដៃ​ជាមួយ​យើង​ដោយ​ការ​ពន្លឿន​ការ​​អនុវត្ត​កិច្ច​​សន្យា​របស់​ពួក​គេ​ជាមួយ​ អ៊ុយក្រែន និង​ជំរុញ​ការ​អនុវត្ត​បន្ថែម​ទៀត​»​ លោកស្រី Yellen កាលពី​ថ្ងៃទី ១១ តុលា បាន​ឱ្យ​ដឹង​ដូច្នេះ​នៅ​ពេល​ទទួល​ជួប​សមភាគី​អ៊ុយក្រែន​ Sergii Marchenko។

យោង​តាម​ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាម៉េរិក ការ​បង្កើន​ទំហំ និង​ការ​ពន្លឿនការ​ផ្ដល់​​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​​នឹង​ជួយ​ឱ្យ​ អ៊ុយក្រែន រក្សា​ស្ថិរភាព​នៃ​សេវាកម្ម​សំខាន់ៗ​របស់​រដ្ឋាភិបាល​ ក៏ដូចជា​ការ​ស្ដារ​ និង​ស្ថាបនា​ប្រទេស​ឡើងវិញ​។

លោកស្រី Yellen បញ្ជាក់​ថា សហរដ្ឋ​អាម៉េរិក នឹង​ចាប់​ផ្ដើម​ «ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់ ៤.៥ ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​បាន​សភា​អនុម័ត​កាល​ពី​ថ្ងៃទី ៣០ កញ្ញា ទៅ​ឱ្យ​ រដ្ឋាភិបាល​អ៊ុយក្រែន ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​»។

នេះ​គឺ​ជា​ផ្នែក​មួយ​នៅ​ក្នុង​កញ្ចប់ជំនួយ​មួយ​ដែល​មាន​តម្លៃ​ ១២.៣ ពាន់​លាន​ដុល្លារ​ដែល​ អាម៉េរិក គ្រោង​នឹង​ផ្ដល់​ឱ្យ​ អ៊ុយក្រែន ដើម្បី​ទប់​ទល់​នឹង រុស្ស៊ី​។

សង្គ្រាម​រវាង​​ រុស្ស៊ី និង​ អ៊ុយក្រែន បាន​ឡើង​កម្ដៅ​ខ្លាំង​នា​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​កាយវិការ​បន្ថែម​ភាព​តាន​តឹង​ជា​ច្រើនត្រូវ​បាន​ធ្វើ​ឡើង​ ក្នុង​នោះ​​មាន​ដូច​ជា ទីក្រុង​មូស្គូ ប្រកាស​ច្របាច់បញ្ចូល​​ ៤ តំបន់​របស់ អ៊ុយក្រែន ទៅ​​ក្នុង​ទឹកដី​រុស្ស៊ី, ប្រធានាធិបតី​រុស្ស៊ី ប្រកាស​កែន​ទ័ព​ ៣០០,០០០ នាក់​, ស្ពាន​ Kerch នៅ​ គ្រីមៀ រងការ​វាយប្រហារ​ និង​ទីក្រុង​ជា​ច្រើន​របស់ អ៊ុយក្រែន ត្រូវ​រង​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​របស់ រុស្ស៊ី​៕

Advertisement