​រន្ទះបាញ់​ចំ​យន្តហោះ​របស់​​​ក្រុម​ហ៊ុន​ Vietnam Airlines បណ្ដាល​ឱ្យ​បុគ្គលិក ២ នាក់​សន្លប់​

បុគ្គលិក ២ នាក់ បាន​រង​របួស​នៅ​ក្នុង​ករណី​រន្ទះ​បាញ់​ធ្លាយ​ជញ្ជាំង​យន្តហោះ​​របស់​​ក្រុម​ហ៊ុនអាកាស​ចរណ៍​​ Vietnam Airlines កាល​ពី​ម្សិលមិញ​។

ព្រលប់​ថ្ងៃទី ១០ តុលា យន្តហោះ​មួយគ្រឿង​របស់ Vietnam Airlines ដែល​ទើប​តែ​បាន​បញ្ចប់​ការ​ហោះ​ហើរ​ពី​ កោះ​ត្រល់​ (Phu Quoc) និង​ចត​នៅ​លើ​ ព្រលាន​យន្តហោះ​ Tan Son Nhat (ក្រុង​ហូជីមិញ) ត្រូវ​រន្ទះ​បាញ់​ចំ​ ធ្វើ​ឱ្យ​ធ្លុះ​ជញ្ជាំង​យន្ត​ហោះ​។

ករណី​ដែល​បាន​​កើត​ឡើង​នៅ​លើ​យន្តហោះ​ P70 នេះ​ បាន​បណ្ដាល​ឱ្យ​បុគ្គលិក​ ២ នាក់​នៃ​ក្រុម​បម្រើ​សេវាកម្ម​របស់​ក្រុម​ហ៊ុន VIAGS ត្រូវ​រងរបួស​ នៅ​ពេល​ពួកគេ​​ស្ថិត​នៅ​ក្រោម​យន្តហោះ​ A321 គ្រា​ដែល​​មាន​រន្ទះ​បាញ់​។ ភ្លាម​ៗ​បន្ទាប់​​ពី​ត្រូវ​រន្ទះ​បាញ់​ឱ្យ​សន្លប់​ ពួក​គេ​ក៏ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​។

មក​ដល់​ថ្ងៃទី ១១ តុលា ស្ថានភាព​សុខភាព​របស់​ជនរងគ្រោះ​ទាំង​ពីរ​បាន​ធូរស្រាល​បន្តិច ក្នុង​នោះ ម្នាក់​លែង​មាន​អាការ​ហូរ​ឈាម​ ខណៈ​ម្នាក់​ទៀត​នៅ​មាន​អាការ​ចេញ​ឈាម​នៅ​ឡើយ ប៉ុន្តែ​អាច​គ្រប់​គ្រង​បាន​។

ប្រហោង​ និង​ស្នាម​រន្ទះបាញ់​នៅ​លើ​ជញ្ជាំង​យន្តហោះ​

ក្រោយ​ហេតុការណ៍​បាន​កើត​ឡើង គេពិនិត្យ​ឃើញ​ថា ជញ្ជាំង​យន្តហោះ​ត្រូវ​រន្ទះ​បាញ់​ធ្លុះ​ និង​មាន​ស្នាម​ឆេះ​ខ្មៅ​​។

ការិយាល័យ​អាកាស​ចរណ៍​វៀតណាម ឱ្យ​ដឹង​ថា ហេតុការណ៍​រន្ទះបាញ់​ចំ​យន្តហោះ​គឺជា​រឿង​កើត​ឡើង​ញឹក​ញាប់ ប៉ុន្តែ ការ​ដែល​រន្ទះបាញ់​ចំ​យន្តហោះ​ និង​បង្ក​របួស​ដល់​មនុស្ស​គឺជា​រឿង​កម្រ​។

Advertisement