ព្រោះ​​តែ​កង្វះទំនិញ ស្ថានីយ​ប្រេងសាំងជាច្រើន​នៅ​ វៀតណាម ត្រូវ​ដំឡើង​របង​ខណ្ឌ​ចែក​អ្នក​ទិញ និង​លក់​ក្នុង​បរិមាណ​មាន​កំណត់

ស្ថានីយប្រេង​សាំង​ជា​ច្រើន​កន្លែង​នៅ​ ទីក្រុង​ហូជីមិញ ដំឡើង​របង ​ខណ្ឌ​សំណាញ ឬចង​ខ្សែ​​ជា​ដើម ដើម្បី​ទប់​ទល់​នឹង​ការ​ប្រជ្រៀត​គ្នាចូល​ទិញ​របស់​អតិថិជន​នាព្រឹក​ថ្ងៃទី ១១ តុលា​នេះ​។

អតិថិជន​ដែល​ទៅ​ទិញ​ប្រេងសាំង​ ភាគ​ច្រើន​ត្រូវ​រង់​ចាំ​ជាង ៣០ នាទី​ទើប​ដល់​វេន​ចាក់​សាំង​។ នៅ​ឯស្ថានីយ​ប្រេង​សាំង​មួយ​កន្លែង​នៅ​ក្បែរ​ផ្លូវ​ To Ky ខណ្ឌ​ ១២ នៃ​ទីក្រុង​ហូជីមិញ មាន​ម៉ាស៊ីន​ចាក់​សាំង​ចំនួន​ ៥ ប៉ុន្តែ​មាន​តែ​ ២​ ប៉ុណ្ណោះ​ដែល​ដំណើរ​ការ​ ព្រោះ​​តែ​ខ្វះ​ឥន្ធនៈ​។

ដោយ​សារ​តែ​មាន​អតិថិជន​សម្រុក​មក​ទិញ​ច្រើន​ពេក ស្ថានីយ​ប្រេង​សាំង​នៅ​ផ្លូវ To Ky ត្រូវ​ដំឡើង​របង​ដើម្បី​ទប់​ និង​ខណ្ឌ​ចែក​អតិថិជន​ ដោយ​ទុក​តែ​ផ្លូវ​តូច​មួយ​សម្រាប់​ចូល​ទៅ​ក្បែរ​ម៉ាស៊ីន​ចាក់សាំង​។ «យើង​ដំឡើង​របង​ដើម្បី​ឱ្យ​អតិថិ​អាច​រក្សា​សណ្ដាប់​ធ្នាប់​ ចៀស​វាង​ការ​ប្រជ្រៀត​គ្នា​ដូច​កាល​ពី​ពីរ​ថ្ងៃ​កន្លង​» បុគ្គលិក​នៅ​ស្ថានីយ​ប្រេង​សាំង​ខាងលើ​និយាយ​ដូច្នេះ​។

មិន​ខុស​ពី​ស្ថានីយ​ប្រេង​សាំង​ខាងលើ ស្ថានីយ​ប្រេង​សាំង​នៅ​ក្បែរ​ចំណត​រថយន្ត​ Mien Dong ក្នុងសង្កាត់​ ២៦​ នៃ​​ខណ្ឌ​ Binh Thanh ក៏​ទប់​ទល់​នឹង​ការ​ប្រជ្រៀត​របស់​អតិថិជន​ដោយ​ការ​ដាក់​កៅអី និង​ដែក​ក្នុង​បំណង​រក្សា​សណ្ដាប់​ធ្នាប់​។

ដោយ​សារ​តែ​មិន​មាន​ទំនិញ​បន្ថែម ស្ថានីយ​ប្រេង​សាំង​នានា​នៅ ទីក្រុង​ហូជីមិញ កំណត់​ឱ្យ​លក់​តែ​ប្រហែល ២០,០០០ ដុង​ប៉ុណ្ណោះ​សម្រាប់​ម៉ូតូ​មួយ​គ្រឿង​។ យោង​តាម​បុគ្គលិក​នៅ​ស្ថានីយ​ប្រេង​សាំងមួយ​កន្លែង កាលពី​ម្សិល​មិញ ពួក​គេ​ប្រកាស​ថា «ម៉ូតូ​មួយ​គ្រឿង​អាច​ចាក់​សាំងបាន​​ត្រឹម​ ៣០,០០០ ដុង» ប៉ុន្តែ ព្រឹក​នេះ​ ត្រូវ​ប្ដូរ​មក ២០,០០០ ដុង​ ដោយ​សារ​តែ​ខ្វះ​ទំនិញ​។

នៅ​ឯ​ស្ថានីយ​ប្រេង​សាំង​ជា​ច្រើន​ផ្សេង​ទៀត ក៏​ជួប​នឹង​បញ្ហា និង​ត្រូវ​ដោះ​ស្រាយដោយ​វិធី​​​ខាង​លើ​តាំង​ពី​ព្រឹក​ព្រលឹម ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​ជុំវិញ​ទីតាំង​ដែល​មាន​ស្ថានីយ​ប្រេង​សាំង​។

ការ​​បារម្ភ​អំពី​​កង្វះ​ប្រេង​សាំង អតិថិជន​ជាច្រើន​ក៏​យក​ដប​មក​តាម​ខ្លួន​ ដោយ​សង្ឃឹម​ថា នឹង​អាច​ទិញ​សាំង​បាន​ច្រើន​ ប៉ុន្តែ មិន​សម​តាម​បំណង​។ យោង​តាម​អ្នក​គ្រប់​គ្រង​ស្ថានីយ​ប្រេង​សាំង​មួយ​ចំនួន ប៉ុន្មាន​ថ្ងៃ​មក​នេះ​ បរិមាណ​ប្រេង​សាំង​ដែល​បាន​លក់​ចេញ បាន​កើន​ឡើង​ប្រមាណ​ ១/៣ ធៀប​នឹង​សប្ដាហ៍​កន្លង​។

ការិយាល័យ​គ្រប់​គ្រង​ទីផ្សារ​នៅ ទីក្រុង​ហូជីមិញ បាន​ឱ្យ​ដឹង​ថា មក​ដល់​ល្ងាច​ថ្ងៃទី ១០ តុលា មាន​ស្ថានីយ​ប្រេង​សាំង​ចំនួន ១២១/៥៥០ បាន​អស់ប្រេង​សាំង​ពី​ស្ថានីយ​ ក្នុង​នោះ​មាន​ស្ថានីយ​ជា​ច្រើន​បាន​ចុះ​ឈ្មោះ​ទិញ ប៉ុន្តែខាង​ដៃគូ​ផ្គត់ផ្គង់​មិន​ទាន់​ប្រគល់​ទំនិញ​នៅ​ឡើយ​៕

Advertisement