ពលរដ្ឋនៅ​បារាំងខកចិត្ត​ខ្លាំង​ព្រោះ​តែ​ត្រូវ​​តម្រង់​​ជួររង់​​ចាំ​ចូល​ចាក់​សាំង​

ស្ថានីយប្រេង​សាំង TotalEnergies នៅ បារីស ប្រទេស​បារាំង កាល​ពីថ្ងៃទី ០៨ តុលា​ ២០២២

កាលពី​ព្រឹក​ថ្ងៃទី ០៩ តុលា អ្នក​បើកបរ​តាក់ស៊ី​នៅ​ បារីស រង់ចាំ​ជាង ៣ ម៉ោង​ទើប​អាច​ចាក់សាំង​បាន​សម្រេច​។

«ខ្ញុំមិនបាន​​ទៅធ្វើការ​ ២ ថ្ងៃ​ហើយ» Thierry អាយុ ៦០​ ឆ្នាំ ដែល​ជា​អ្នក​បើកបរ​រថយន្តតាក់ស៊ីរៀប​រាប់​។ គាត់​បាន​ឱ្យ​ដឹង​ថា បាន​ជិះ​មួយ​ជុំ​បារីស ដើម្បីរក​កន្លែង​ចាក់សាំង​ និង​ត្រូវ​តម្រង់​ជួរ​​ ៣ ម៉ោងនៅ​ស្ថានីយ​ប្រេង​សាំង​មួយ​កន្លែង​ ដើម្បី​រង់ចាំ​រថយន្ត​ដឹក​សាំង​មក​ដល់​។

ស្ថានភាព​ខ្វះ​ទំនិញនៅ​តាម​ស្ថានីយប្រេង​សាំង​បាន​កើត​ឡើង​អស់ជា​ច្រើន​ថ្ងៃ​មក​នេះ​នៅ​ទូទាំង​ប្រទេស​បារាំង​។ ព្រឹក​ថ្ងៃទី ០៧ តុលា នៅ​ស្ថានីយ​ប្រេង​សាំង​មួយ​កន្លែង​នៅ​ជាយ​ក្រុង​បារីស មាន​ករណី​តម្រង់​ជួរ​​ជាង ១០០ ម៉ែត្រ​ដើម្បី​រង់​ចាំ​ចាក់សាំង​។

«យើងបាន​រង់ចាំ​រាប់​ម៉ោង» ម្ចាស់​រថយន្ត​ម្នាក់​និយាយ​ដូច្នេះ​ និង​បន្ថែម​ថា ឡាន​អស់​សាំង​រលីង​។ «ឡាន​តម្រង់ជួរ​មិន​មាន​សញ្ញា​ផ្លាស់​ទីសោះ​។ ខ្ញុំមិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត​ទេ»។

ស្ត្រី​ម្នាក់​និយាយ​ថា បាន​ទៅ​កាន់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ ៣ កន្លែង​ហើយ នៅ​តែ​មិន​អាច​ទិញ​បាន​សាំង​។ «ខ្ញុំ​ទៅទីនោះ​ទន្ទឹម​នឹង​មនុស្ស​ជា​ច្រើន​ ប៉ុន្តែ ពួកគេ​លើក​ស្លាក​ប្រាប់​ថា ស្ថានីយ​អស់​សាំង​ហើយ»។

ស្ថានភាព​ខ្វះឥន្ធនៈកំពុងបង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថានីយប្រេង​ឥន្ធនៈ​នៅ​ពាស​ពេញ​ទឹកដី​បារាំង​ ធ្វើ​ឱ្យ​អតិថិជន​មានការ​ខកចិត្ត និង​មួម៉ៅ​ខ្លាំង​ ព្រោះតែ​ត្រូវ​រង់ចាំយូរ​ ខណៈ​ដែល​កូដកម្ម​របស់​កម្មករ​នៅ​ក្នុង​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ធំៗ​ពីរ​គឺ ក្រុម​ហ៊ុន​​ TotalEnergies និង Esso-ExxonMobil បាន​ឈាន​ចូល​ដល់​ថ្ងៃទី ១៣ កាលពី​ថ្ងៃទី ០៩ តុលា​៕

Advertisement