អូស្ត្រាលី​ ចង់​ដាំរុក្ខជាតិ​​នៅ​លើឋាន​ព្រះចន្ទ នៅ​ឆ្នាំ ២០២៥​ ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស​

អូស្ត្រាលី នា​ថ្ងៃទី ០៧ តុលា​នេះ បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ផែនការ​នាំ​យក​គ្រាប់​ពូជរុក្ខ​ជាតិ​​ឡើង​ទៅដាំ​លើ​ដី​​ឋាន​ព្រះចន្ទ​ ដែល​ពួក​គេ​ជឿថា អាច​ជួយ​បង្កើត​ដែនដី​អាណានិគម​នៅទីនោះ​នាពេល​អនាគត​។

អ្នកវិទ្យាសាស្ត្រ​ Brett Williams មក​ពី​សាកល​វិទ្យា​ល័យ​បច្ចេកវិទ្យា​ Queensland (QUT) បាន​ឱ្យ​ដឹង​ថា គ្រាប់​ពូជរុក្ខជាតិ​​ដែលដាក់​នៅក្នុង​ប្រអប់ខ្យល់​ពិសេស​នឹង​ត្រូវ​បាន​ដឹក​​ទៅ​កាន់​ឋាន​ព្រះចន្ទ​ដោយ​យាន​អវកាស​ Beresheet 2 នៅក្នុងបេសក​កម្ម​ឯកជន​របស់ អ៊ីស្រាអែល នៅ​ឆ្នាំ​ ២០២៥។

ក្រោយ​ពី​បាន​ចុះ​ចត គ្រាប់​ពូជ​ទាំង​នេះ​នឹង​ត្រូវ​បានស្រោច​ទឹក​ និង​តាម​ដាន​សញ្ញា​នៃ​ការ​ដុះ​ពន្លត ក៏ដូចជា​ការ​រីក​លូត​លាស់​ តាម​រយៈ​កាមេរ៉ា និង​អង្គញាណ​​ដែល​បំពាក់​ទៅជាមួយ​ ហើយ​ក្រោយ​មក​ ទិន្នន័យ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​មក​កាន់​ផែនដី​។

Williams ថ្លែង​ថា «ប្រភេទ​រុក្ខជាតិ​​នឹង​ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​ម៉ត់ចត់​ដោយ​យោង​ទៅ​តាម​សមត្ថភាព​ទប់ទល់​នឹង​លក្ខខណ្ឌ​អាក្រក់​ និង​ល្បឿន​នៃ​ការ​ដុះ​ពន្លក​របស់​ពួក​វា​»។

«ស្មៅ​រស់​ឡើង​វិញ​» របស់ អូស្ត្រាលី ក៏​ស្ថិត​ក្នុង​ចំណោម​ជម្រើស​របស់​ក្រុម​អ្នកវិទ្យា​សាស្ត្រ​ខាងលើ​។ រុក្ខជាតិ​នេះ​អាច​រក្សា​ជីវិត​ដោយ​មិន​បាច់​មាន​ទឹក​ នៅ​ក្នុង​ស្ថានភាព​ «ដេក» នេះ​បើតាមអ្នកវិទ្យា​សាស្ត្រ​ Williams។ «សូម្បី​តែ​បាត់បង់ទឹក​ ៩៥% ស្មៅ​នេះ​នៅ​តែ​រស់​បាន​បើ​ទោះ​វា​ដូច​បាន​ងាប់​​ទៅ​ហើយ​ ប៉ុន្តែ កោសិកា​របស់​ពួក​វា​នឹង​លូត​លាស់​ឡើង​វិញ នៅ​ពេល​មានទឹក​»។

គម្រោង​នេះ​គឺជា​ជំហាន​ដំបូង​ដើម្បី​ឆ្ពោះទៅ​រក​ការ​ដាំ​រុក្ខជាតិ​ធ្វើ​ជា​អាហារ​ ថ្នាំ​ពេទ្យ និង​ផលិត​អុកស៊ីសែន​ ដែល​ជា​កត្តា​សំខាន់​ដើម្បី​ទ្រទ្រង់​ជីវិត​របស់​មនុស្ស​នៅ​លើឋាន​ព្រះចន្ទ​ នេះ​បើតាម​សាកលវិទ្យាល័យជាតិ​អូស្ត្រាលី (ANU)។

ក្រុម​ហ៊ុន​អវកាស Lunaria One កំពុង​​ដំណើរ​ការ​គម្រោង​ខាង​លើ​នេះ​ ដោយ​មាន​ការ​ជួយ​គាំទ្រ​របស់​ក្រុម​អ្នកវិទ្យា​សាស្ត្រ​មក​ពីសាកលវិទ្យា​ជា​ច្រើន​មាន​ដូច​ជា​ QUT, ANU, RMIT, Ben Gurion រួម​នឹង​ស្ថាប័ន​សំខាន់​ៗ​មួយចំនួន​ទៀត​៕

Advertisement