កុលសម្ព័ន្ធ​ដែល​អាច​មុជ​ក្នុង​ទឹក​បានយូរ​ជាង​គេ​លើ​ពិភពលោក

ជនជាតិ Bajau នៅ​អាស៊ីអាគ្នេយ៍ សម្រប​ខ្លួន​បាន​ល្អ​ទៅនឹង​សកម្មភាព​មុជ​ក្នុង​ទឹក​រយៈពេល​យូរ​ដោយ​ផាល​ក្នុង​រាងកាយ​​របស់​ពួក​គេ​​​​វិវឌ្ឍ​​​ទៅ​ជាធំ​ខុស​ប្រក្រតី។

«ជនជាតិ Bajau ការពារ​សមុទ្រ។ យើង​មិនដែល​ចាកចោល​សមុទ្រ​ឡើយ ហើយ​មុជ​ទឹកជា​ញឹកញាប់។ នោះ​គឺជា​ទម្លាប់ និង​ជា​ប្រពៃណី» នេះ​បើតាម​ការអះអាង​របស់​ជនជាតិ Bajau។

ជនជាតិ Bajau នៅ​អាស៊ីអាគ្នេយ៍​គឺជា​កុលសម្ព័ន្ធ​ពាក់កណ្ដាល​ពនេចរ ដែលមាន​សមត្ថភាព​មុជទឹក​សេរី​ដ៏​លេចធ្លោ​ជាងគេ។ ដោយ​រស់នៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី ហ្វ៊ី​លី​ពី​ន និង​ម៉ាឡេស៊ី កុលសម្ព័ន្ធ​នេះ​គឺជា​អ្នក​នេសាទ ចិញ្ចឹមជីវិត​ដោយសារ​ត្រី​ជាសំខាន់។

យោងតាម​ប្រពៃណី ការរស់នៅ និង​ភារកិច្ច​របស់​ពួកគេ​គឺ​ទាក់ទង​នឹង​ការការពារ​សមុទ្រ។ អ្នកស្រី Ima Baineng ដែលជា​អ្នកនេសាទ​ជនជាតិ Bajau និយាយថា «យើង​ទទួល​មរតក និង​បច្ចេកទេស​មុជទឹក​ពី​ដូនតា។ នៅទីនេះ កំលោះៗ និងនារីៗដែលមាន​កម្លាំង​ខ្លាំង សុទ្ធតែ​មុជទឹក»។

កុលសម្ព័ន្ធ​ Bajau រៀន​មុជ​ទឹក​តាំង​ពី​នៅ​តូច

ជនជាតិ Bajau អាច​មុជ​ទឹកបាន​រហូតដល់ 8 ម៉ោង/ថ្ងៃ។ មនុស្ស​មួយចំនួន​ចំណាយពេល​នៅក្រោម​ទឹក​រហូតដល់ 60%។ «ជា​រៀងរាល់ថ្ងៃ ខ្ញុំ​ចេញទៅ​សមុទ្រ​នៅ​ម៉ោង 4 ទៀបភ្លឺ និង​ត្រលប់មក​ផ្ទះ​នៅពេល​ថ្ងៃ។ ជាធម្មតា ខ្ញុំ​ចាប់បាន​ត្រី 15 គីឡូក្រាម។ កាល​ពី​នៅ​ក្មេង ខ្ញុំ​អាច​មុជទឹក​ក្នុង​ជម្រៅ​រហូតដល់ 20 ម៉ែត្រ។ ពេលនេះ​ចាស់​ហើយ ខ្ញុំ​អាច​មុជ​បាន​ជម្រៅ​ប្រហែល 16 ម៉ែត្រ​ប៉ុណ្ណោះ» អ្នកនេសាទ​ជនជាតិ Bajau លោក Mandor M Tembang ឱ្យដឹង​ដូច្នេះ។

យោងតាម​ការស្រាវជ្រាវ ទាក់ទង​នឹង​តំណពូជ រាងកាយ​របស់​កុលសម្ព័ន្ធ Bajau បាន​សម្រប​ខ្លួន​ជាមួយនឹង​ការរស់នៅ​ក្រោម​ទឹក​រួចហើយ។ ផាល​ដែលជា​អវយវៈ​មួយ​ក្នុង​រាងកាយ​របស់​ពួកគេ​មាន​វិវឌ្ឍន៍​ទៅជា​ធំ​ជាង​ធម្មតា ជួយ​បង្កើន​អុកស៊ីសែន​ក្នុង​ឈាម​នៅពេល​មុជទឹក។ ផាល​រួញ​មកវិញ​ដើម្បី​រុញច្រាន​ឈាមក្រហម​ដែល​សម្បូរ​អុកស៊ីសែន​ទៅក្នុង​ចរន្តឈាម។ ផាល​ដែល​ធំ​មាន​ផ្ទុក​កោសិកា​ឈាមក្រហម​ដែល​សម្បូរ​អុកស៊ីសែន​ជាង​ផាល​តូច ដូច្នេះ​វា​ក៏​ជួយ​ឱ្យ​កុលសម្ព័ន្ធ Bajau អាច​អត់​ដណ្ដើម​បានយូរ​ជាង​ធម្មតា។

វីដេអូស្ដីពី​កុលសម្ព័ន្ធ Bajau ដែល​អាច​មុជ​ទឹក​បាន​យូរ​ជាង​ធម្មតា

Saiful M Amin អ្នក​មុជទឹក​អាជីព​​ដែល​ប្រើ​បំពង់​អុកស៊ីសែន បានឱ្យដឹងថា «ជនជាតិ Bajau នៅពេល​មុជទឹក​ពួកគេ…ផ្លាស់​ទីយឺតៗ។ ខ្ញុំ​ក៏​ជា​អ្នក​មុជទឹក ប៉ុន្តែ​ខ្ញុំ​មុជ​ចុះ​ជម្រៅ​បានតែ​ប្រហែល 5 ម៉ែត្រ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ជនជាតិ Bajau វិញ តែង​មុជ​បាន​ពី 12 ទៅ 15 ម៉ែត្រ។ ដូច្នេះ ជនជាតិ Bajau ពិតជា​ពិសេស»។

កុលសម្ព័ន្ធ Bajau ចាប់ផ្ដើម​មុជទឹក​ដោយ​សេរី​តាំងពី​នៅ​តូច។ អ្នកស្រី Ima Baineng និយាយថា «តាំងពី​អាយុ 4 ឆ្នាំ ខ្ញុំ​តែងតែ​ងូតទឹក​សមុទ្រ និង​តាម​ឪពុក​ចេញទៅ​សមុទ្រ ទើបបាន​ជា​​ខ្ញុំ​ចេះ​មុជទឹក»៕

Advertisement