សហរដ្ឋ​អាម៉េរិក ប្រកាស​អំពី​កញ្ចប់​ជំនួយ​ជា​អាវុធ​តម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន

កញ្ចប់​ជំនួយ​ថ្មី​នេះ​រួមមាន ប្រព័ន្ធ​រ៉ុក្កែត​ចល័ត ១៨ គ្រឿង ប្រព័ន្ធ​រ៉ា​ដា រថពាសដែក ១៥០ គ្រឿង និង​យាន​យោធា​យុទ្ធសាស្ត្រ ១៥០ គ្រឿង។ល។

យោងតាម AFP ថ្ងៃទី ២៨ កញ្ញា សហរដ្ឋ​អាម៉េរិក បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ថ្មី ដែល​រួមមាន អាវុធ និង​គ្រឿង​បរិក្ខា​យោធា​តម្លៃ ១.‌១ ពាន់​លាន​ដុល្លារ សម្រាប់ អ៊ុយ​ក្រែ​ន ដើម្បី​ស្ដារ​កម្លាំង​របស់ ទីក្រុង​កៀវ សម្រាប់​រយៈពេល​វែង និង​មធ្យម។

ប្រកាស​របស់​មន្ទីរ​ប​ញ្ច​កោណ បានឱ្យដឹងថា កញ្ចប់​ជំនួយ​ថ្មី​នេះ​រួមមាន ប្រព័ន្ធ​រ៉ុក្កែត​ចល័ត HIMARS ១៨ គ្រឿង និង​គ្រាប់រំសេវ ប្រព័ន្ធ​រ៉ា​ដា និង​ឧបករណ៍​ប្រឆាំង​យន្តហោះ​គ្មាន​មនុស្ស​បើក រួម​នឹង​រថពាសដែក ១៥០ គ្រឿង និង​យាន​យោធា​យុទ្ធសាស្ត្រ ១៥០ គ្រឿង។ល។

ជំនួយ​ផ្នែក​យោធា​សរុប​របស់ សហរដ្ឋ​អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន គិត​ចាប់ពី​ពេល រុស្ស៊ី ចាប់ផ្ដើម​យុទ្ធនាការ​យោធា​ពិសេស​នៅ​ប្រទេសជិតខាង​មួយ​នេះ​កាលពី​ថ្ងៃទី ២៤ កុម្ភៈ បាន​កើន​ឡើងដល់ ១៦.២ ពាន់​លាន​ដុល្លារ។

ប្រព័ន្ធ​រ៉ុក្កែត​ចល័ត HIMARS របស់ សហរដ្ឋ​អាម៉េរិក

Interfax បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ុយ​ក្រែ​ន Serhiy Marchenko បង្ហើប​ឱ្យដឹងថា ប្រទេស​នេះ​បានទទួល​ជំនួយ​អន្តរជាតិ ៤.៦ ពាន់​លាន​ដុល្លារ​ក្នុង​ខែសីហា ២០២២។ អ៊ុយ​ក្រែ​ន គ្រោង​នឹង​ទទួលបាន​ជំនួយ​តម្លៃ ១.៥ ពាន់​លាន​ដុល្លារ​ពី សហរដ្ឋ​អាម៉េរិក នៅក្នុង​ខែកញ្ញា​នេះ និង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី សហភាព​អឺរ៉ុប នៅក្នុង​ខែ​នេះ ឬ​ដើមខែ​តុលា​ខាងមុខ​ផងដែរ។

យោងតាម រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ុយ​ក្រែ​ន ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២ អ៊ុយ​ក្រែ​ន បានទទួល​ជំនួយ​បរទេស​សរុប ១៧ ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement