មហា​សេដ្ឋី Bill Gates ព្រមាន​អំពី​ហានិភ័យ​កើតមាន​សង្គ្រាមស៊ីវិល​នៅ សហរដ្ឋ​អាម៉េរិក

មហាសេដ្ឋីអាម៉េរិក លោក Bill Gates

មហាសេដ្ឋី​អាម៉េរិក លោក Bill Gates បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការរើសអើង​ផ្នែក​នយោបាយ​នៅ សហរដ្ឋ​អាម៉េរិក ហើយ​ថា វា​នឹង​នាំទៅរក​សង្គ្រាមស៊ីវិល​នៅពេល​អនាគត។

ជាធម្មតា លោក Bill Gates ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុគ្គល​ដែល​សកម្ម​ក្នុង​កិច្ចការ​មនុស្សធម៌ ជា​អ្នក​ដែល​ផ្ដោតទៅលើ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពក្រីក្រ និង​ជំងឺឆ្លង តាមរយៈ​មូលនិធិ​មនុស្សធម៌​របស់លោក។ ប៉ុន្តែ បញ្ហា​មួយទៀត​ដែល​លោក​ចាប់អារម្មណ៍​ខ្លាំង​ដែរ នោះ​គឺ​ការរើសអើង​ផ្នែក​នយោបាយ​នៅ សហរដ្ឋ​អាម៉េរិក។

«ខ្ញុំ​ទទួលស្គាល់ថា ការរើសអើង​នយោបាយ​អាច​បញ្ចប់​គ្រប់យ៉ាង។ យើង​អាចមាន​ការបោះឆ្នោត​មួយ​ដែល​មិនមាន​អ្នកឈ្នះ អ្នកចាញ់ ឬ​សង្គ្រាមស៊ីវិល» មហាសេដ្ឋី Bill Gates ថ្លែង​នៅក្នុង​សន្និសីទ​មនុស្សធម៌​រប​ស់ Forbes 400 ក្នុងឆ្នាំនេះ។

លោក Gates បញ្ជាក់ថា ការរើសអើង​នយោបាយ​ដើរ​ទន្ទឹមគ្នា​ជាមួយនឹង​បញ្ហា​មួយ នោះ​គឺ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ លោក​ថ្លែងប្រាប់ Forbes ថា «ការរើសអើង និង​កង្វះ​ភាពជឿជាក់​គឺជា​បញ្ហា​មួយ។ សៀវភៅ​មួយ​ក្បាល​ក្នុងចំណោម​សៀវភៅ​លក់ដាច់​ជាងគេ​របស់ Robert Kennedy និយាយថា ខ្ញុំ​ចូលចិត្ត​រកប្រាក់ និង​សម្លាប់​មនុស្ស​រាប់លាន​នាក់​ដោយ​វ៉ាក់សាំង។ ពិតជា​គួរឱ្យភ្ញាក់ផ្អើល​នៅពេល​សៀវភៅ​នោះ​លក់ដាច់»។ សហ​ស្ថាបនិក​របស់ Microsoft ក៏បាន​លើកឡើងថា លោក​នឹងមិន​វិនិយោគ​ទៅលើ​វិស័យ​ទាំងឡាយណា​ដែល​បង្ក​អស្ថិរភាព។

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ Bill Gates និង​អតីត​ភរិយា Melinda French Gates បាន​បរិច្ចាគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ការស្រាវជ្រាវ អភិវឌ្ឍ និង​ចែកចាយ​វ៉ាក់សាំង តាមរយៈ​មូលនិធិ​មនុស្សធម៌​របស់​ពួកគេ។ មហាសេដ្ឋី​រូបនេះ​ធ្លាប់​ក្លាយជា​ប្រធានបទ​នៃ​ទ្រី​ស្ដី​បកស្រាយ ឬ​ទ្រី​ស្ដី​ឃុបឃិត​មួយចំនួន​ដែល​និយាយថា លោក​បំពាក់​បច្ចេកវិទ្យា​នៅក្នុង​វ៉ាក់សាំង​ដើម្បី​តាមដាន​មនុស្ស។

នៅក្នុង​ការជជែក​ជាមួយ Forbes លោក Gates ក៏បាន​ឱ្យដឹងថា លោក និង​អតីត​ភរិយា Melinda សង្ឃឹមថា នឹង​រក្សា​មូលនិធិ​មនុស្សធម៌​របស់​ពួកគេ​ឱ្យ​ដំណើរការ ២៥ ឆ្នាំ​ទៀត ដើម្បី​ផ្ដោតទៅលើ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ជំងឺឆ្លង៕

Advertisement