នេះ​គឺ​ជា​ «រាជាណាចក្រ» ​តែ​មួយ​គត់​របស់ ​ប្រទេស​ឥណ្ឌូណេស៊ី

ដោយសារតែ​បានរួម​ចំណែក​យ៉ាង​ធំធេង​នៅក្នុង​សង្គ្រាម​ដណ្ដើម​ឯករាជ្យ Yogyakarta ក៏​ទទួលបាន​សិទ្ធិ​ស្វ័យគ្រប់គ្រង និង​ក្លាយជា «រាជាណាចក្រ​អ៊ីស្លាម» តែមួយគត់​នៅ ឥណ្ឌូណេស៊ី។

Yogyakarta ដែលជា​ខេត្ត​មួយ​នៅ​ភាគ​កណ្ដាល​នៃ​កោះ​ជ្វា (Java) និង​មាន​ចម្ងាយ​ពី រដ្ឋធានី​ហ្សា​ការ​តា ជាង ៤២០ គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង ដើរតួនាទី​សំខាន់​ក្នុងការ​ទាមទារ​ឯករាជ្យ​របស់ ឥណ្ឌូណេស៊ី ដែល​ត្រូវបាន​ហៅថា បដិវត្តន៍​ជាតិ​ឥណ្ឌូណេស៊ី ចាប់ពី​ឆ្នាំ ១៩៤៥ ដល់ ១៩៤៩។

កាលពី​ថ្ងៃទី ១៧ ខែ​សីហា ឆ្នាំ​ ១៩៤៥ នៅពេល​ដែល​​ប្រធានាធិបតី​ដំបូង​របស់ ឥណ្ឌូណេស៊ី Sukarno ប្រកាស​បង្កើត សាធារណរដ្ឋ​ឥណ្ឌូណេស៊ី Sultan (ស្ដេច​របស់​ប្រទេស​កាន់សាសនា​អ៊ីស្លាម) Hamengkubuwono IX ដែលជា​មេដឹកនាំរបស់ ​រាជាណាចក្រ​អ៊ីស្លាម Yogyakarta កាលណោះ បាន​ផ្ញើ​សារ​លិខិត​​ភ្លាមៗទៅកាន់​លោក Sukarno ដើម្បី​សម្ដែង​ការគាំទ្រ​ចំពោះ ប្រទេស​ឥណ្ឌូណេស៊ី ដែល​ទើប​ចាប់កំណើត និង​បញ្ជាក់ថា រាជាណាចក្រ​អ៊ីស្លាម Yogyakarta គឺជា​ទឹកដី​មួយផ្នែក​របស់ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី។

ទីក្រុង Yogyakarta ក្លាយជា​រដ្ឋធានី​របស់ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ចាប់ពី​ឆ្នាំ ១៩៤៦ ដល់​ឆ្នាំ ១៩៤៨ ក្រោយពី ហ្សា​ការ​តា បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​របស់​ជន​ជាតិ​ហូ​ឡង់។ កងទ័ព​ហូ​ឡង់ បន្ទាប់មក​ក៏បាន​ចូល​ឈ្លាម​ពាន Yogyakarta បណ្ដាលឱ្យ​រដ្ឋា​នី​របស់​ប្រទេស​នេះ ជាថ្មី​ម្ដងទៀត ត្រូវ​រើ​ទៅកាន់ Bukittinggi នៅ​ភាគ​ខាងលិច​នៃ​កោះ Sumatra។

រាជវាំង Yogyakarta

ការវាយលុក​ទូទៅ​កាលពីដើមឆ្នាំ ១៩៤៩ របស់ ឥណ្ឌូណេស៊ី បាន​បង្ខំ​ឱ្យ កងទ័ព​ហូ​ឡង់ ត្រូវ​ដកថយ។ ថ្ងៃទី ២៩ មិថុនា ១៩៤៩ ដោយមាន​សម្ពាធ​ពី អង្គការសហប្រជាជាតិ Yogyakarta ក៏ត្រូវ​បាន​រំដោះ​ទាំងស្រុង​ពី​កណ្ដាប់ដៃ​ជនជាតិ​ហូ​ឡង់។

ដោយសារតែ​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​បេសកកម្ម​ស្លាប់​រស់​របស់ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី Yogyakarta ក៏​ទទួលបាន​សិទ្ធិ​ស្វ័យគ្រប់គ្រង ដែល​ដូច​ទៅនឹង «តំបន់​ពិសេស» និង​ក្លាយជា​តំបន់​តែមួយគត់​ដែល​រក្សា​របបរាជានិយម និង​ត្រូវបាន​ទទួលស្គាល់​នៅ ឥណ្ឌូណេស៊ី។

សម្ដេច Hamengkubawono ទី ១០

មហាក្សត្រ​របស់ រាជាណាចក្រ​អ៊ីស្លាម Yogyakarta បច្ចុប្បន្ន​គឺ សម្ដេច Hamengkubawono ទី ១០ ព្រះជន្ម ៧៦ វស្សា។ ទ្រង់​បាន​ឡើង​គ្រង​រាជសម្បត្តិ​កាលពី​ឆ្នាំ ១៩៨៨ បន្ទាប់ពី​បិតា​របស់​ទ្រង់​បាន​សោយ​ទិវង្គត។

មហាក្សត្រ​ Hamengkubawono ទី ១០ ត្រូវបាន​វាយតម្លៃថា ជា​អ្នកប្រជាធិបតេយ្យ នៅពេល​ទ្រង់​បញ្ចប់​ប្រពៃណី​ពហុពន្ធ​ភាព (មហេសី​ច្រើន) ទៅតាម​បំណង​របស់​បិតា ដែល​ទ្រង់​ធ្លាប់មាន​បន្ទូល​ឱ្យធ្វើ​ទំនើបកម្ម​រាជវង្សានុវង្ស។ មហា​ក្សត្រ​ Hamengkubawono ទី ១០ បាន​រៀប​អភិសេក​ជាមួយ​មហេសី Hemas និង​មាន​បុត្រី ៥ អង្គ។ បុត្រី​ច្បង ព្រះ​នាង Mangkubumi អាច​នឹង​ក្លាយជា​មហាក្សត្រី​បន្ទាប់​របស់ Yogyakarta ប៉ុន្តែ បញ្ហា​នេះ​ក៏​កំពុងមាន​ភាពចម្រូងចម្រាស​នៅក្នុង​រាជវង្សានុវង្ស ព្រោះតែ​ទ្រង់​មិនមែនជា​រាជបុត្រា។

មហាក្សត្រ Hamengkubawono ទី ១០ និង មហេសី រួម​នឹង​​បុត្រី​ ៥ អង្គ

មហាក្សត្រ Hamengkubawono ទី ១០ របស់ Yogyakarta ធ្លាប់​មានបន្ទូលថា រាជបុត្រី​មួយអង្គ​អាច​ក្លាយជា​មេដឹកនាំ​បន្ទាប់ ហើយ​ថា ទ្រង់​កំពុង​ពិចារណា​លើ​បញ្ហា​នេះ​ដើម្បី​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រីភេទ ប៉ុន្តែ ព្រះ​នាង Mangkubumi នឹងត្រូវ​ឆ្លើយតប​នឹង​លក្ខខណ្ឌ​មួយចំនួន​ដើម្បី​អាច​ឡើង​សោយរាជ​សម្បត្តិ៕

Advertisement