នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាម៉េរិក មកដល់​ទឹកដី​កូរ៉េខាងត្បូង​ ជា​លើកដំបូង​ក្រោយ​អវត្តមាន​រយៈពេល ៤ ឆ្នាំ

ក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាម៉េរិក USS Ronald Reagan ថ្ងៃនេះ​បាន​ចូល​ចត​នៅ​កំពង់ផែ​របស់ ប្រទេស​កូរ៉េខាងត្បូង ជា​លើកដំបូង​ក្រោយ​រយៈពេល ៤ ឆ្នាំ ដែល​នេះ​ត្រូវបាន​គេ​ជឿថា ដើម្បី​កំញើញ កូរ៉េខាងជើង។

ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan របស់ សហរដ្ឋ​អាម៉េរិក ថ្ងៃនេះ​បាន​ចូល​ចត​ក្នុង​កំពង់ផែ Busan ដែល​មាន​ចម្ងាយ​ពី រដ្ឋធានី​សេ​អ៊ូ​ល ប្រហែល ៣៩០ គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង។ នេះ​គឺជា​លើកដំបូង​ដែល​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាម៉េរិក មកកាន់ ទឹកដី​កូរ៉េខាងត្បូង រាប់​ចាប់តាំងពី​ឆ្នាំ ២០១៨។

ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan រួមមាន នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan, នាវា​ល្បាត​សមុទ្រ​បំពាក់​មី​ស៊ី​ល​មាន​ប្រព័ន្ធ​នាំ​ផ្លូវ USS Chancellorsville និង​នាវា​ពិឃាត USS Barry។

តាម​ផែនការ ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Ronald Reagan នឹងចូលរួម​ធ្វើ​សមយុទ្ធ​រួមជាមួយ កូរ៉េខាងត្បូង នៅលើ​សមុទ្រ​ខាងកើត​របស់​ប្រទេស​នេះ​នៅ​ចុងខែ។ នាវាមុជទឹក​នុយ​ក្លេ​អែរ USS Annapolis របស់ សហរដ្ឋ​អាម៉េរិក ក៏​គ្រោង​នឹង​បង្ហាញ​វត្តមាន​ផងដែរ។

USS Ronald Reagan មកកាន់ Busan នាថ្ងៃនេះ

«ការបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មកនេះ​គឺជា​ការសម្ដែង​ឱ្យឃើញ​អំពី​ភាពរឹងមាំ​របស់​សម្ព័ន្ធ​ភាព​អាម៉េរិក-កូរ៉េខាងត្បូង និង​ដើម្បី​កំញើញ​ការគំរាមកំហែង​ដោយ​មី​ស៊ី​ល និង​អាវុធ​នុយ​ក្លេ​អែរ​របស់ កូរ៉េខាងជើង» មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ កូរ៉េខាងត្បូង សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Yonhap ដូច្នេះ។

USS Ronald Reagan មកកាន់ Busan បន្ទាប់ពី ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន និង​សមាស​ភាគី​កូរ៉េខាងត្បូង យូន សកយ៉ល (Yoon Suk-yeol) បញ្ជាក់​ជាថ្មី​អំពី​ការសន្យា​ដែលថា​នឹងដាក់​ពង្រាយ​សព្វាវុធ​យុទ្ធសាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក «ឱ្យបាន​ទាន់ពេល និង​សហការ​នៅពេល​ចាំបាច់» នៅក្នុង​ជំនួប​កំពូល​នៅ សេ​អ៊ូ​ល កាលពី​ខែឧសភា ២០២២។

កូរ៉េខាងជើង ថ្កោលទោស​ចំពោះ​សមយុទ្ធ​យោធា​រួមនានា​​រវាង សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង ដោយ​ចាត់ទុកថា ទាំង​នោះ​គឺជា​​ការ​ត្រៀម​សម្រាប់​សង្គ្រាម​ប្រឆាំង កូរ៉េខាងជើង៕

Advertisement