៤ តំបន់​​របស់ ​អ៊ុយ​ក្រែ​ន ធ្វើ​​ប្រជាមតិ​​ស្ដី​ពី​​ការ​ច្របាច់​បញ្ចូល​​​ខ្លួន​ទៅ​ក្នុង​​ទឹក​ដី​​រុស្ស៊ី

ម្ចាស់ឆ្នោត​នៅក្នុង​តំបន់​ចំនួន ៤ របស់ អ៊ុយ​ក្រែ​ន ដែល​គ្រប់គ្រង​ដោយ រុស្ស៊ី នឹង​បោះឆ្នោត​សម្ដែង​មតិ​ចំពោះ​ការច្របាច់បញ្ចូល​ទឹកដី​ទាំងនេះ​ទៅក្នុង​ប្រទេស​រុស្ស៊ី ចាប់ពី​ថ្ងៃនេះ និង​ទៅតាម ២ ដំណាក់កាល។

ទឹកដី​ផ្ដាច់ខ្លួន សាធារណរដ្ឋ​ប្រជាមានិត Donetsk (DPR) និង សាធារណរដ្ឋ​ប្រជាមានិត Lugansk (LPR) នៅក្នុង​តំបន់ Donbass រួម​នឹង​តំបន់​ដែល​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី នៅក្នុង​ខេត្ត Kherson និង​ខេត្ត Zaporizhzhia របស់ អ៊ុយ​ក្រែ​ន នឹងធ្វើ​ប្រជាមតិ​អំពី​បំណង​ច្របាច់​បញ្ចូល​ទឹកដី​ទាំងនេះ​ទៅក្នុង​ប្រទេស​រុស្ស៊ី ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៧ កញ្ញា ២០២២។

ដំណើរការ​បោះឆ្នោត​ត្រូវបាន​ចែកជា ២ ដំណាក់កាល នេះ​បើតាម​មន្ត្រី​ស្និទ្ធ​នឹង រុស្ស៊ី នៅក្នុង​តំបន់​ខាងលើ។ ថ្ងៃ​បោះឆ្នោត​ផ្ទាល់​នៅតាម​ទីតាំង​រៀបចំ​ការបោះឆ្នោត​នឹងធ្វើ​ឡើង​ក្នុង​ថ្ងៃទី ២៧ កញ្ញា។ ក្នុង​រយៈពេល ៤ ថ្ងៃមុន​នោះ សន្លឹកឆ្នោត​នឹងត្រូវ​បាន​ប្រមូល​ទៅតាម​តំបន់នីមួយៗ ដោយ​ក្រុមមន្ត្រី​រៀបចំ​ការបោះឆ្នោត​នឹង​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​ទទួល​សន្លឹកឆ្នោត។ មន្ត្រី​ស្និទ្ធ​នឹង​រុស្ស៊ី និយាយថា វិធីសាស្ត្រ​នេះ​គឺ​ដើម្បី​ការពារ​សន្តិសុខ។

ការរៀបចំ​បោះឆ្នោត​ប្រជាមតិ​ខាងលើនេះ ត្រូវបាន​គាំទ្រ​ដោយ រដ្ឋាភិបាល​រុស្ស៊ី។ សន្លឹកឆ្នោត​នៅ Donetsk និង Lugansk ត្រូវបាន​បោះ​ពុ​ម្ភ​ជា​ភាសា​រុស្ស៊ី ដោយសារ​ថា ក្រុមមន្ត្រី​របស់​កងក​ម្លាំ​ង​ផ្ដាច់ខ្លួន តាំងពី​ឆ្នាំ ២០២០ បានកំណត់​យក​ភាសា​រុស្ស៊ី ជា​ភាសាផ្លូវការ។ ចំណែក​ខេត្ត Kherson និង Zaporizhzhia នឹង​បោះ​ពុ​ម្ភ​សន្លឹកឆ្នោត​ជា​ភាសា​រុស្ស៊ី-អ៊ុយ​ក្រែ​ន។

ក្រោយពី​មានការ​ប្រកាស​អំពី​ការបោះឆ្នោត​ប្រជាមតិ​នៅ Donetsk, Lugansk, Kherson និង Zaporizhzhia រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២០ កញ្ញា បាន​ចោទថា នេះ​គឺជា​ការធ្វើប្រជាមតិ​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ។

ទីក្រុង​កៀវ​សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍​នេះ​នឹងមិន​ផ្លាស់ប្ដូរ​អាធិបតេយ្យ​ និង​បូរណភាព​ទឹក​ដី​ ហើយ​ថា កងទ័ពអ៊ុយក្រែន «មាន​សិទ្ធិ​រំដោះ​តំបន់​ទាំងនោះ និង​បន្តធ្វើ​ដូច្នេះ»។ អ៊ុយ​ក្រែ​ន ក៏​យល់ថា ការបោះឆ្នោត​ប្រជាមតិ​នេះ​នឹង​បំផ្លាញ​ឱកាស​ក្នុង​ការចរចា​សន្តិភាព​ជាមួយ រុស្ស៊ី។

ចំណែក​បណ្ដា​ប្រទេស​លោកខាងលិច ក្នុងនោះ លេចធ្លោ​ជាងគេ​គឺ សហរដ្ឋ​អាម៉េរិក និង ណា​តូ ជាដើម ក៏បាន​រិះគន់​ចំពោះ​ផែនការ​លេប​យក​ទឹក​ដី​​អ្នក​ជិត​របស់ រុស្ស៊ី នេះ​ផងដែរ​៕

Advertisement