បស្ចិម​លោក​ថ្កោលទោស​ចំពោះ​ផែន​ការធ្វើប្រជាមតិ​បញ្ចូល​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ទៅក្នុង សហព័ន្ធ​រុស្ស៊ី

សហរដ្ឋ​អាម៉េរិក រួម​នឹង​បណ្ដា​ប្រទេស​លោកខាងលិច ជំទាស់​ទៅនឹង​ផែនការ​ច្របាច់​ទឹកដី ៤ តំបន់​របស់ អ៊ុយ​ក្រែ​ន ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី តាមរយៈ​ការធ្វើប្រជាមតិ និង​ប្រកាសថា លោកខាងលិច​មិន​ទទួលស្គាល់​លទ្ធផល​ជាដាច់ខាត។

«ការធ្វើប្រជាមតិ​ក្លែ​ក្លាយ​គឺជា​ភាពអាម៉ាស់​ចំពោះ​គោលការណ៍​អធិបតេយ្យ និង​បូរណភាព​ទឹកដី ដែលជា​គ្រឹះ​របស់​ប្រព័ន្ធ​អន្តរជាតិ» ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក Jake Sullivan កាលពី​ថ្ងៃទី ២០ កញ្ញា បាន​ថ្លែង​ដូច្នេះ។

ការ​ថ្លែង​របស់ មន្ត្រី​អាម៉េរិក នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមមន្ត្រី​នៅ​តំបន់ Donetsk, Lugansk ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង Kherson, Zaporizhzhia នៅ​ភាគខាងត្បូង​អ៊ុយ​ក្រែ​ន បានប្រកាសថា​នឹងធ្វើ​ប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល​ទាំង​ដី​ទាំងនេះ​ទៅក្នុង​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី ២៣ និង ២៧ កញ្ញា​ខាងមុខ។

លោក Sullivan បញ្ជាក់ថា «បើសិនជា​រឿងនេះ​កើតឡើង សហរដ្ឋ​អាម៉េរិក នឹងមិន​ទទួលស្គាល់​សំណើ​របស់ រុស្ស៊ី ចំពោះ​រាល់​ទឹកដី​ដែល​បាន​រឹបអូស​ពី អ៊ុយ​ក្រែ​ន»។

អគ្គលេខាធិការ​របស់ ណា​តូ (NATO) Jens Stoltenberg ក៏បាន​ថ្កោលទោស​ចំពោះ​ផែនការ​ខាងលើ ហើយ​ថា ឥរិយាបថ​នេះ​នឹង​ធ្វើឱ្យ​ជម្លោះ​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ។

នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Olaf Scholz បាន​ហៅ​ប្រជាមតិ​របស់​តំបន់​ទាំងនោះ​ថា «ក្លាំង​ក្លាយ» និង​ថា ត្រូវតែមាន​ការជំទាស់។

ចំណែក ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda វិញ បានប្រកាសថា ប្រជាមតិ​នឹង​ក្លាយជា​រឿង​គ្មាន​តម្លៃ។ លោក​ថា ប្រទេស​ប៉ូឡូញ នឹងមិន​ទទួលស្គាល់​ជាដាច់ខាត។

មុន​នោះ ទីក្រុង​កៀវ បាន​និយាយថា ផែន​ការធ្វើប្រជាមតិរ​បស់ រុស្ស៊ី នឹងមិន​ធ្វើឱ្យមាន​ការប្រែប្រួល​អ្វី​ឡើយ។ «អ៊ុយ​ក្រែ​ន នៅតែ​ចាត់ទុក រុស្ស៊ី ថា​ជា​ប្រទេស​រំលោភបំពាន​បូរណភាព​ទឹកដី​ដោយ​ខុសច្បាប់ ទន្ទឹមនឹងនេះ ទីក្រុង​កៀវ មាន​សិទ្ធិ​រំដោះទឹកដី និង​បន្តធ្វើ​កិច្ចការ​នេះ» រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បញ្ជាក់​ដូច្នេះ។

រីឯ​ភាគី​រុស្ស៊ី វិញ ប្រធានសភា​ជាន់​ទាប Vyacheslav Volodin បានប្រកាស​គាំទ្រ​ចំពោះ​តំបន់​ទាំងឡាយ​ដែល​ច្របាច់​ខ្លួន​បញ្ចូល​ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov បាន​និយាយថា នេះ​គឺជា​បញ្ហា​ដែល​អាស្រ័យទៅលើ​បំណង​របស់​ប្រជាជន​នៅ អ៊ុយ​ក្រែ​ន៕

Advertisement