ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ ​មហា​ក្សត្រ​អាហ្វ្រិក​ខាង​ត្បូង ត្រូវ​គេ​ធ្វើ​ឃាត

ស្ដេច Misuzulu Zulu របស់​ជនជាតិ Zulu នៅ​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ មហា​ក្សត្រី​ Zulu នៅ​ អាហ្វ្រិក​ខាងត្បូង ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី ១៧ កញ្ញា នៅ​ខាង​ក្រៅ​ព្រឹត្តិការណ៍​ប្រពៃណី​។

លោក Dumisani Blasius Khumalo «ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ក្រុម​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​» បន្ទាប់​ពីបាន​ចូល​រួម​ពិធី​របាំ​មួយ​នៅ Nongoma។ នេះ​បើ​តាមប្រកាស​របស់​ Sihle Zikalala ដែល​ជា​សមាជិក​សភា​ក្នុង​តំបន់។

មនុស្ស​ប្រហែល ១ ម៉ឺន​នាក់​ កាលពី​ថ្ងៃទី ១៩ កញ្ញា បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីរួម​ស្រុក​ Nongoma ដែល​ជា​តំបន់​មួយ​របស់​ជនជាតិ Zulu នៅ​ភាគ​អាគ្នេយ៍​នៃ​ខេត្ត KwaZulu-Natal របស់ អាហ្វ្រិក​ខាងត្បូង​ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​របាំ​ប្រពៃណី​។

នៅក្នុង​ពិធី​ដែល​មាន​អាយុ​កាល​រាប់​សតវត្សរ៍​មក​ហើយ​នេះ ក្រុម​នារី​របាំ​​នឹង​សម្ដែង​ក្បាច់​រាំ​នៅ​​ចំពោះ​ព្រះភក្ត្រ​​ស្ដេច​របស់​ជនជាតិ​ Zulu ដែល​ជា​ជនជាតិ​ភាគ​ច្រើន​ជាង​គេ​នៅ​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​មាន​ប្រជាជន​ប្រមាណ​ ១១ លាន​នាក់​ ស្មើ​នឹង​ជិត ១/៥ នៃ​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​។ នេះ​គឺជា​ពិធី​របាំ​ប្រពៃណី​ដំបូង​របស់​ស្ដេច Zulu MisuZulu Zulu ដែល​បាន​ឡើង​គ្រង​រាជ​កាលពី​ខែ​កន្លង​។

ក្រុម​អ្នក​ប្រឆាំង​នឹង​មេដឹក​នាំ​ថ្មី​របស់​ជនជាតិ Zulu មុន​នោះ​បាន​គំរាម​ថា​នឹង​មាន​ការ​​បង្ហូរ​ឈាម​មួយ​កើត​ឡើង បើ​សិន​ពិធី​របាំ​ប្រពៃណី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​។

លោក Khumalo ប្រធាន​ទីប្រឹក្សា​​របស់​ស្ដេច MisuZulu Zulu គឺជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​​នៅ​ក្នុង​សហគមន៍​ជន​ជាតិ Zulu។ នៅ​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ជម្លោះ​មួយ​ចំនួន​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ក្នុង​តុលាការ​បែប​បុរាណ​ ជំនួស​ឱ្យ​ស្ថាប័ន​យុត្តិធម៌​របស់​រដ្ឋ​។

«គាត់​ (លោក Khumalo) មាន​ភក្ដី​ភាព​ខ្លាំង​ណាស់​ ចំពោះ​រាជវង្ស​ និង​ធ្លាប់​ធ្វើ​ការ​យ៉ាង​សកម្ម​​ជាមួយ​នឹង​បិតា​របស់​ស្ដេច MisuZulu» Khaya Ndwandwe អ្នក​ជំនាញ​ផ្នែក​វប្បធម៌​ Zulu ឱ្យ​ដឹង​ដូច្នេះ​។

បន្ទាប់​​ពី​ស្ដេច Goodwill Zwelithini របស់ Zulu បាន​ចូល​ទិវង្គត​កាលពី​ឆ្នាំ​កន្លង ក្រោយ​ពី​ឡើង​គ្រង​រាជ​បាន​ ៥០ ឆ្នាំ​ វិវាទ​ទាក់​ទិន​នឹង​សិទ្ធិ​ស្នង​រាជ​ក៏​បាន​ផ្ទុះ​ឡើង​។ ស្ដេច​ MisuZulu ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រធានាធិបតី Cyril Ramaphosa។ ស្ដេច MisuZulu គឺជា​បុត្រ​របស់​មហេសី​ទីបី​របស់​ស្ដេច Goodwill Zwelithini។

មហាសីទីមួយ​របស់​ស្ដេច Goodwill Zwelithini បាន​ជំទាស់​ទៅ​នឹង​ការ​ស្នង​រាជ​របស់​ស្ដេច MisuZulu នៅ​តុលាការ ប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល​។

បុត្រា​ចម្បង​របស់​ស្ដេច​ដែល​បាន​សោយ​ទិវង្គត និង​ជា​បុត្រ​ «ក្រៅ​ច្បាប់» កាលពី​សប្ដាហ៍​កន្លង បាន​ដាក់​ពាក្យ​បណ្ដឹង​ និង​ប្រកាស​ថា គាត់​ទើប​ជា​អ្នក​ដែល​ត្រូវស្នង​រាជ​ស្រប​ច្បាប់​។ ចំណែក​ព្រះរៀម​ និង​អនុជ​របស់អតីត​មហា​ក្សត្រ Goodwill Zwelithini ក៏​បាន​ប្រកាស​ថា រាជបល្ល័ង្ក​គឺ​ជា​របស់​បេក្ខ​ភាព​ផ្សេង​មួយអង្គ​​ទៀត​។ នៅ​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃទី ១៧ កញ្ញា ស្ដេច​ថ្មី​របស់ Zulu បាន​អំពាវនាវ​ឱ្យ​មាន​ «សន្តិភាព​ និង​ឯកភាព​នៅ​ក្នុង​ពូជ​អម្បូរ​»៕

Advertisement