សហរដ្ឋ​អាម៉េរិក រកឃើញ​ករណី​ស្លាប់​ដំបូង​ដែល​ពិត​ជា​ដោយសារ​ជំងឺ​អុត​ស្វា (Monkeypox)

ពលរដ្ឋ​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺអុតស្វានៅ សហរដ្ឋ​អាម៉េរិក

ករណី​ស្លាប់​ដំបូង​ដោយសារ​ការ​ឆ្លង​ជំងឺ​អុត​ស្វា​ក្នុងឆ្នាំនេះ នៅ សហរដ្ឋ​អាម៉េរិក ត្រូវបាន​បញ្ជាក់ថា កើតមាន​នៅក្នុង​រដ្ឋ California។

ស្ថាប័ន​សុខាភិបាល​សាធារណៈ​នៃ​ទីក្រុង Los Angeles និង​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង បាន​បញ្ជាក់ថា ពលរដ្ឋ​ម្នាក់​ដែល​រស់នៅក្នុង​ទីក្រុង​នេះ​បាន​ស្លាប់​ដោយសារ​ការឆ្លង​ជំងឺ​អុត​ស្វា ក្រោយពី​បាន​ចូល​ពេទ្យ។

ក៏ប៉ុន្តែ ស្ថាប័ន​សុខាភិបាល​របស់​ទីក្រុង​ខាងលើ​មិនបាន​ចែករំលែក​ព័ត៌មាន​លម្អិត​អំពី​អ្នកជំងឺ មានដូចជា​អាយុ ភេទ ឬ​ជាតិ​សាសន៍ ដោយ​លើក​មូល​ហេតុថា ដើម្បី «ការពារ​ព័ត៌មាន​សម្ងាត់ និង​សិទ្ធិ​ឯកជន»។

មុន​នោះ បុរស​ម្នាក់​នៅក្នុង​រដ្ឋ Texas បាន​ស្លាប់​ដោយសារតែ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ទ្រុឌទ្រោម ក្រោយពី​ត្រូវបាន​ពិនិត្យឃើញថា​បាន​ឆ្លង​ជំងឺ​អុត​ស្វា។ ប៉ុន្តែ មូលហេតុ​ចម្បង​នៃ​ការស្លាប់​នេះ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ ដោយ​កំពុង​ត្រូវបាន​ស្រាវជ្រាវ។

គិត​មកដល់​បច្ចុប្បន្ន ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ជិត ២២ ពាន់​នាក់​ត្រូវបាន​រកឃើញ​នៅ សហរដ្ឋ​អាម៉េរិក ក្នុងនោះ California គឺជា​កន្លែង​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ ដោយមាន​ជាង ៤ ពាន់​ករណី។

ការឆ្លង​ជំងឺ​អុត​ស្វា​កម្រ​ធ្វើឱ្យមាន​ការស្លាប់ ដោយ​ស្ទើរតែ​ទាំង​នៃ​ករណី​ឆ្លង​នឹង​បានជា​សះស្បើយ​ក្នុង​រង្វង់​ពី ២ ទៅ ៤ សប្ដាហ៍។ អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា អត្រា​នៃ​ការស្លាប់​ដោយសារ​អុត​ស្វា​គឺ​ប្រហែល​ពី ៣ ដល់ ៦%។

Advertisement