មនុស្ស​យ៉ាង​តិច ៤៦ នាក់​បាន​ស្លាប់​ នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​ចិន

យ៉ាងហោចណាស់​មាន​មនុស្ស ៤៦ នាក់ បាន​បាត់​បង់ជីវិត ខណៈដែល​មនុស្ស​រាប់សិប​នាក់​រងរបួស និង ១៦ នាក់​បាត់​ខ្លួន នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​មួយ​ដ៏​ធំ​នៅក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ ប្រទេស​ចិន។

ទូរទស្សន៍ CCTV របស់ ចិន កាលពី​ម្សិលមិញ បាន​រាយការណ៍​ថា គ្រោះ​រញ្ជួយ​ដី​មួយ​ដែលមាន​កម្លាំង ៦.៦ រិច​ទ័​រ បានធ្វើឱ្យ​កក្រើក​ទីក្រុង Kangding ជាទី​ដែលមាន​ប្រជាជន​ប្រមាណ ១ សែន​នាក់​កំពុង​រស់នៅ រួម​នឹង​ទីប្រជុំជន​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ខេត្ត Sichuan។ មនុស្ស​ជាង ១ លាន​នាក់​នៅក្នុង​តំបន់​រញ្ជួយ​ដី បាន​ឆ្លងកាត់​ភាព​ញាប់​ញ័រ​របស់​ធរណី។

CCTV បាន​ផ្សាយ​ថា មនុស្ស ១៧ នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង Yaan, ២៩ នាក់​ស្លាប់​នៅក្នុង​តំបន់​ស្វយ័ត​ទី​បេ Garze នៅក្បែរនោះ។ «១៦ នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន និង ៥០ នាក់​រងរបួស» នេះ​បើតាម CCTV។

អាជ្ញាធរ​ចិន បានចាប់ផ្ដើម​ការងារ​បន្ទាន់​កម្រិត ៣ និង​បញ្ជូន​បុគ្គលិក​សង្គ្រោះ​ទៅកាន់​កន្លែងកើតហេតុ។ ទូរទស្សន៍ CGTN ផ្សាយ​ថា បុគ្គលិក​សង្គ្រោះ​កំពុង​ជួយ​រៀបចំ​ផ្លូវ​ទាំងឡាយ​ដែល​ត្រូវ​រាំងស្ទះ​ដោយសារ​បំណាក់​ដី។

ការិយាល័យ​គ្រោះ​រញ្ជួយ​ដី Sichuan បានប្រកាសថា ទាហាន​ជាង ១,០០០ នាក់ ត្រូវបាន​បញ្ជូនទៅ​ជួយ​​ដល់​បុគ្គលិក​​​សង្គ្រោះ។ អាជ្ញាធរ​ក៏បាន​ដឹក​តង់ កន្ទេល ផួយ មុង​រាប់ពាន់​ឈុត​ទៅកាន់​តំបន់​ដែល​បាន​រងគ្រោះ៕

Advertisement