រាប់​រយ​នាក់​ភ័យ​ស្លន់ស្លោ ពេល​រថភ្លើង​ក្រោម​ដី​ខូច​កណ្ដាល​ផ្លូវ​នៅ​ក្រោម​ចក្រ​សមុទ្រ Manche

អ្នកដំណើរ​រាប់រយ​នាក់​ត្រូវ​ជាប់​ជាច្រើន​ម៉ោង​នៅក្នុង​ផ្លូវ​រូង​ក្រោម​ច្រក​សមុទ្រ Manche ចន្លោះ ប្រទេស​បារាំង និង អង់គ្លេស ដោយសារតែ​រថភ្លើង​ខូច​កណ្ដាលផ្លូវ។

Gettlink ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ភ្ជាប់​ពី​ភាគ​ខាងជើង​នៃ ប្រទេស​បារាំង ទៅនឹង​ភាគ​អាគ្នេយ៍​របស់ ប្រទេស​អង់គ្លេស បានឱ្យដឹងថា អ្នកដំណើរ ៤០០ នាក់ មកពី ប្រទេស​បារាំង ទៅកាន់ អង់គ្លេស ត្រូវ​ចុះ​ដើរ​ចាក​ចេញពី​រថភ្លើង បន្ទាប់ពី​រថភ្លើង​នេះ​ជួប​បញ្ហា​នៅក្នុង​ផ្លូវ​រូង​ក្រោម​ច្រក​សមុទ្រ Manche កាលពី​ម្សិលមិញ (២៤ សីហា)។

Sarah Fellows ជា​អ្នកដំណើរ​ម្នាក់​មាន​អាយុ ៣៧ ឆ្នាំ បាន​ប្រាប់ថា នេះ​ជាហេតុ​ការណ៍​ដ៏​គួរឱ្យ​ភ័យខ្លាច​ជាទីបំផុត ហើយ «ទិដ្ឋភាព​ដូច​ទៅនឹង​ឈុត​ឆាក​ទីបញ្ចប់​នៃ​ពិភពលោក​ក្នុង​ខ្សែភាពយន្ត។ យើង​ដើរទៅ​កាន់​ជ្រោះ​ជ្រៅ​ដោយ​មិនដឹង​ច្បាស់​ថា​មានរឿង​អ្វី​កើតឡើង។ គ្រប់គ្នា​ស្ថិតនៅក្រោម​សមុទ្រ។ ស្ត្រី​ម្នាក់​ស្រែកយំ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី ចំណែក​ម្នាក់ទៀត​ភ័យ​ស្លន់ស្លោ​ដោយសារតែ​ដើរ​ម្នាក់ឯង» នាង Sarah Fellows រៀបរាប់​អំពី​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ហេតុការណ៍​រថភ្លើង​ក្រោម​ដី​មាន​បញ្ហា​ខាងលើ។

អ្នកដំណើរ​ម្នាក់​ឈ្មោះ Michael Kent ឱ្យដឹងថា គ្រប់គ្នា​ជាប់​ក្នុង​រថភ្លើង​ក្រោម​ដី​នេះ​​ជាច្រើន​ម៉ោង មុនពេល​ត្រូវបាន​ឈ្លៀស និង​បាន​ចែករំលែក​រូបភាព​បង្ហាញថា មនុស្សម្នា​កំពុង​រង់ចាំ​រាប់​ម៉ោង​ខាងក្នុង​រថភ្លើង និង​ដើរ​តាម​បណ្ដោយ​ផ្លូវ​រូង​ក្រោម​ដី មុនពេល​បាន​ឡើង​រថយន្តក្រុង​ត្រលប់​ទៅកាន់​ស្ថានីយ​រថភ្លើង Folkestone នៅ ប្រទេស​អង់គ្លេស។

ប្រព័ន្ធ​ផ្លូវ​រូង​ក្រោម​ដី​ឆ្លងកាត់​ច្រក​សមុទ្រ Manche ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ ១៩៩៤ មាន រួមមាន ២ ខ្សែ ក្នុងនោះ​ផ្លូវ​រូង ១ ខ្សែ​សម្រាប់​រថភ្លើង និង ១ ខ្សែ​ទៀត​សម្រាប់​សេវាកម្មផ្សេងៗ ហើយ​ ១ ខ្សែ​ៗ​មាន​ប្រវែង​ ៥០ គីឡូម៉ែត្រ។ កំណាត់​ផ្លូវ​រូង​ក្រោម​សមុទ្រ​មាន​ប្រវែង​ប្រមាណ ៣៨.៦ គីឡូម៉ែត្រ​ ដែល​ជា​ផ្លូវ​រូង​ក្រោម​សមុទ្រ​វែង​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

Advertisement