រញ្ជួយ​ដី​កម្រិត​ខ្លាំង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន៖ ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស​បាន​កើន​ជិត​ដល់ ១,០០០ នាក់

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bakhtar របស់ អា​ហ្វ​ហ្គា​នី​ស្ថាន តួលេខ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​រញ្ជួយ​ដី​កាលពី​ព្រឹក​មិញ (២២ មិថុនា) នៅ​ភាគ​ខាងកើត​ប្រទេស​នេះ បាន​កើន​ដល់ ២៨០ នាក់ និង​យ៉ាងតិច ៥៩៥ នាក់ រងរបួស។

ខេត្ត Paktika គឺជា​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​លើក​នេះ ក្នុងនោះ​មានផ្ទះ​រាប់សិប​ខ្នង​បាន​ដួលរលំ ព្រមទាំង​មាន​បញ្ហា​បាក់​ស្រុតដី​នៅក្នុង​ខេត្ត​នេះ​ផងដែរ។ ប្រធាន​ស្ថាប័ន​គ្រប់គ្រង​គ្រោះធម្មជាតិ​របស់​រដ្ឋាភិបាល​តា​លី​បង់ លោក Mohammad Nassim Haqqani ឱ្យដឹងថា ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត ភាគច្រើន​គឺជា​ប្រជាជន​នៅក្នុង​ខេត្ត Paktika។

ស្ថាប័ន​តាមដាន​ផ្នែក​ភូគព្ភសាស្ត្រ​អាម៉េរិក (USGS) បានឱ្យដឹងថា គ្រោះ​រញ្ជួយ​ដី​នេះ​បានធ្វើឱ្យ​ញាប់​ញ័រ​ពេញ​តំបន់​ដែលមាន​ចម្ងាយ​ពី​ទីក្រុង Khost ជិត​ព្រំដែន ប៉ា​គី​ស្ថាន ប្រមាណ ៤៤ គីឡូម៉ែត្រ​ទៅ​ទិសនិរតី។ ចំណុចកណ្ដាល​នៃ​គ្រោះ​រញ្ជួយ​ដី​នេះ​ស្ថិតនៅក្រោម​ដី ជម្រៅ​ជាង ៥០ គីឡូម៉ែត្រ។

មនុស្ស​ប្រហែល ១១៩ លាន​នាក់ ដែល​រស់នៅក្នុង ប្រទេស​ប៉ា​គី​ស្ថាន, អា​ហ្វ​ហ្គា​នី​ស្ថាន និង ឥណ្ឌា បានទទួល​អារម្មណ៍​ថា ធរណី​កំពុង​ញាប់​ញ័រ។

បច្ចុប្បន្ន មិនទាន់មាន​របាយការណ៍​ស្ដីពី​តួលេខ​នៃ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត ក៏ដូចជា​រងរបួស ឬ​ការខូចខាត​ទ្រព្យសម្បត្តិ​នៅ ប៉ា​គី​ស្ថាន និង ឥណ្ឌា ទាក់ទិន​នឹង​ហេតុការណ៍​រញ្ជួយ​ដី​នេះ​នៅឡើយ៕

Advertisement