ឆេះ​ព្រៃ​ជា​បន្តបន្ទាប់​នៅ ប្រទេស​ចិន ព្រោះតែ​កម្ដៅ​ព្រះអាទិត្យ

អាកាសធាតុ​ក្ដៅ​ខ្លាំង​នៅ Chongqing និង​តំបន់​ក្បែរ​ខាង បាន​បណ្ដាលឱ្យមាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ជា​បន្តបន្ទាប់ បង្ខំ​ឱ្យ​មនុស្ស​ជាង ១,០០០ នាក់ ត្រូវ​ភៀសខ្លួន​ទៅរក​កន្លែង​សុវត្ថិភាព។

ខណ្ឌ​ចំនួន ៤ នៅក្នុង​ទីក្រុង Chongqing របស់ ប្រទេស​ចិន កើតមាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ចាប់តាំងពី​ថ្ងៃទី ១៨ សីហា​ដល់​បច្ចុប្បន្ន បណ្ដាលឱ្យ​មនុស្ស​ប្រមាណ ១,៥០០ នាក់ មកពី ៥៤០ គ្រួសារ ត្រូវ​ភៀសខ្លួន។ ករណី​ឆេះ​ព្រៃ​ថ្មី​បំផុត​បានកើត​ឡើង​នៅក្នុង​ខណ្ឌ Banan កាលពី​ថ្ងៃទី ២១ សីហា ខណៈដែល​ភ្លើង​ឆេះ​ព្រៃ​មួយ​ផ្សេងទៀត​នៅក្នុង​ខណ្ឌ Jiangjin ទើបតែ​ត្រូវបាន​ពន្លត់​រួចរាល់​ក្រោយពី​ឆេះ​បាន ៤ ថ្ងៃ។

បុគ្គលិក​បង្ការ ពន្លត់​អគ្គិភ័យ និង​ក្រុម​សង្គ្រោះ​ជាង ៥,០០០ នាក់ រួម​នឹង​ឧទ្ធម្ភាគចក្រ ៧ គ្រឿង បាន​ចូលរួម​បេសកកម្ម​ពន្លត់​ភ្លើងព្រៃ​នេះ។

អាជ្ញាធរ​ក្រុង Chongqing កាលពី​ម្សិលមិញ បានឱ្យដឹងថា មូល​ហេតុដែល​នាំឱ្យមាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​គឺ ដោយសារ​អាកាសធាតុ​ហួតហែង និង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​អូសបន្លាយ​ពេល​យូរ៕

Advertisement