យន្តហោះ​ចម្បាំង ១០ គ្រឿង​របស់ ចិនដីគោក ហោះ​ឆ្លង​បន្ទាត់​ព្រំដែន​ទឹក​​ជាមួយ តៃវ៉ាន់

កងទ័ព​ចិន បញ្ជូន​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង ឱ្យទៅ​ហោះ​ឆ្លងកាត់​បន្ទាត់​កណ្ដាល​នៅលើ​ច្រក​សមុទ្រ​តៃវ៉ាន់ នាំឱ្យ ទីក្រុង​តៃប៉ិ បញ្ចេញ​កម្លាំង​តាមដាន។

«នាវា ៦ គ្រឿង និង​យន្តហោះ​យោធា ២២ គ្រឿង​របស់ ប្រទេស​ចិន បង្ហាញ​វត្ត​មាននៅ​ជុំវិញ កោះ​តៃវ៉ាន់ ក្នុង​ថ្ងៃទី ១៤ សីហា។ ក្នុងចំណោម​នោះ មាន​យន្តហោះ ១១ គ្រឿង ធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​នៃ​បន្ទាត់​កណ្ដាល និង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស (ADIZ) នៅ​ភាគ​និរតី​នៃ​កោះ» ស្ថាប័ន​ការពារជាតិរ​បស់ តៃវ៉ាន់ ប្រកាស​ឱ្យដឹង​ដូច្នេះ។

យន្តហោះ ១០ គ្រឿង​របស់ ចិនដីគោក ហោះ​ឆ្លង​បន្ទាត់​កណ្ដាល (median line) ដែល​ត្រូវបាន​គេ​យល់ថា​ជា​បន្ទាត់​ខណ្ឌ​ចែក​ច្រក សមុទ្រ​តៃវ៉ាន់។ ក្នុងចំណោម​យន្តហោះ​ទាំងនោះ មាន Su-30 ៤ គ្រឿង, J-10 ចំនួន ២ គ្រឿង, J-11 ២ គ្រឿង និង J-16 ២ គ្រឿង។ យន្តហោះ​ព្រមាន​រហ័ស KJ-500 ធ្វើ​សកម្មភាព​នៅក្នុង​តំបន់ ADIZ របស់ តៃវ៉ាន់ ប៉ុន្តែ មិនបាន​ចូលមក​ក្បែរ​ច្រក​សមុទ្រ។

ប្រកាស​របស់ អាជ្ញាធរ​តៃវ៉ាន់ បាន​បញ្ជាក់ថា «កងកម្លាំង​ការពារ​តៃវ៉ាន់ បាន​តាមដាន​យ៉ាង​ម៉ត់ចត់​ចំពោះ​ស្ថានការណ៍ និង​បាន​បញ្ជូន​យន្តហោះ​ចម្បាំង នាវាចម្បាំង និង​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​លើដី ដើម្បី​ប្រតិកម្ម»។

Advertisement