រាជទាយាទ​អង់គ្លេស «ទទួលយក​ប្រាក់​បរិច្ចាគ​ពី​គ្រួសារ​អតីត​មេ​ភេរ​វករ bin Laden»

សារព័ត៌មាន​អង់គ្លេស បាន​ចុះផ្សាយ​ថា ព្រះអង្គម្ចាស់ Charles យល់ព្រម​ទទួលយក​ខ្ទង់​ប្រាក់​បរិច្ចាគ ១.១៩ លាន​ដុល្លារ​អាម៉េរិក ពី​គ្រួសារ​របស់​អតីត​មេ​ភេរ​វករ Osama bin Laden និង​ដាក់បញ្ចូល​ទៅក្នុង​មូលនិធិ​មនុស្សធម៌​របស់​ទ្រង់។

រាជទាយាទ Charles ព្រះជន្ម ៧៣ វស្សា បានទទួល​ជួប Bakr និង Shafiq bin Laden ដែលជា​បងប្អូន​ឪពុក​ជាមួយ ម្ដាយ​ទីទៃ​របស់​អតីត​មេ​ភេរ​វករ Osama bin Laden នៅឯ​រាជវាំង Clarence House កាលពី​ឆ្នាំ ២០១៣ ២ ឆ្នាំ​បន្ទាប់ពី​មេ​ភេរ​វករ​នេះ​ត្រូវបាន​សម្លាប់។ ព្រះអង្គ​បាន​សព្វ​ព្រះ​ហរ​ទ័យ​ទទួលយក​ប្រាក់​បរិច្ចាគ ១ លាន​ផោន (១.១៩ លាន​ដុល្លារ​អាម៉េរិក) ដាក់បញ្ចូល​ទៅក្នុង​មូល​និ​ធី PWCF។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Times របស់ ចក្រភព​អង់គ្លេស ចុះផ្សាយ​កាលពី​ថ្ងៃទី ៣១ កក្កដា។

Times បានឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បាន «ចាត់ចែង​ខ្ទង់​ប្រាក់​បរិច្ចាគ​នេះ​ដោយផ្ទាល់​ព្រះហស្ត បើទោះជា​មានការ​ជំទាស់​ពី​ទីប្រឹក្សា​មួយចំនួន។ ទីប្រឹក្សា​មួយរូប​បាន​សូមឱ្យ​ព្រះអង្គ​សង​ប្រាក់​នោះ​ត្រលប់​ទៅវិញ ប៉ុន្តែ ទ្រង់​មិន​យល់ស្រប។ បុគ្គលិក​របស់​រាជទាយាទ​អង់គ្លេស មានការ​បារម្ភ​ថា ដំណឹង​នេះ​នឹង​នាំឱ្យមាន​ការមិន​ពេញចិត្ត បើសិនជា​បាន​បែកធ្លាយ។

អតីតមេភេរវករ Osama bin Laden (ឆ្វេង) និង ព្រះអង្គម្ចាស់ Charles

បន្ទាប់ពី​ព័ត៌មាន​ត្រូវបាន​ចុះផ្សាយ lan Cheshire ដែលជា​ប្រធាន PWCF បានឱ្យដឹងថា ខ្ទង់​ប្រាក់​បរិច្ចាគ​នោះ​ត្រូវបាន​សមាជិក ៥ រូប​នៃ​ក្រុមប្រឹក្សាភិបាល របស់ PWCF ជំនាន់​នោះ យល់ព្រម​ទទួលយក។ រាជទាយាទ​អង់គ្លេស គឺជា​ស្ថាបនិក ប៉ុន្តែ ទ្រង់​មិន​ស្ថិតនៅក្នុង​ក្រុមប្រឹក្សាភិបាល​របស់ PWCF។

រាជវាំង Clarence House ក្រោយមក​ក៏បាន​ប្រកាសថា ការសម្រេចចិត្ត​ទទួលយក​ខ្ទង់​ប្រាក់​បរិច្ចាគ​នោះ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​សមាជិក​ទាំងឡាយ​នៃ​ក្រុមប្រឹក្សាភិបាល។

លោក Osama bin Laden គឺជា​ស្ថាបនិក​នៃ​ក្រុម​ភេរវ​ករ​អ៊ីស្លាម al-Qaeda ដែល​បាន​បើក​ការវាយប្រហារ​ភេរវកម្ម​ទៅលើ ទឹកដី​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ១១ កញ្ញា ២០០១ បណ្ដាលឱ្យ​មនុស្ស​ជិត ៣,០០០ នាក់​បាត់​បង់ជីវិត។ មេ​ភេរ​វករ​នេះ​ត្រូវបាន​កម្លាំង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក កម្ចាត់​ចោល​កាលពី​ខែឧសភា ២០១១ នៅក្នុង​បេសកកម្ម​ឆ្មក់​ចូល​កន្លែង​លាក់ខ្លួន នៅក្នុង​តំបន់ Abbottabad នៃ ប្រទេស​ប៉ា​គី​ស្ថាន៕

Advertisement