មាស​នៅ​ទូទាំង​ពិភពផែនដី មានចំនួន​​ប៉ុន្មាន​តោន?

ក្រុម​អ្នកជំនាញ​ផ្នែក​ភូគព្ភសាស្ត្រ​បាន​គណនា​ឃើញថា មាស​នៅក្នុង​ដី​នៅមាន​ប្រហែល ៥០,០០០ តោន​ទៀត ខណៈ ១៩០,០០០ តោន ត្រូវបាន​ទាញយក​រួចហើយ​ក្នុង​ប្រវត្តិសាស្ត្រ។

នៅក្នុង​ជ្រុង​ណាមួយ​នោះ ពិភពលោក​បច្ចុប្បន្ន​ត្រូវបាន​កសាង​ដោយយោង​ទៅលើ​មាស។ មាស​នៅក្នុង​ឧបករណ៍​បច្ចេកវិទ្យា​ទាំងឡាយ​ដែល​មនុស្ស​កំពុង​ប្រើប្រាស់​ប្រចាំថ្ងៃ។ កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ សុទ្ធតែ​ត្រូវការ​មាស​ក្នុងដំណាក់កាល​នៃ​ការផលិត។ សូម្បីតែ​គ្រឿង​ម៉ាស៊ីន​ដែល​ផលិត​ឧបករណ៍​បច្ចេកវិទ្យា​ក៏មាន​មាស។

ជាមួយនឹង​មាស​ដែល​វិស័យ​ឧស្សាហកម្ម​ទាំងឡាយ​ក្នុង​ពិភពលោក​ប្រើប្រាស់ យើង​ងាយ​នឹង​ភ្លេច​នឹក​ដល់​ប្រភព​ដែលមាន​កំណត់​របស់​វា។ សម្រាប់​វិស័យ​រ៉ែ ការទាញយក​មាស​បាន ១ ក្រាម ពី​ដី ១ តោន គឺជា​លទ្ធផល​ល្អ។ ប៉ុន្តែ ដោយសារ​មាស​មានតម្លៃ​ខ្ពស់ ក្រុមហ៊ុន​ទាញយក​រ៉ែ​ប្រភេទ​នេះ នៅតែ​ចំណេញ។

នៅក្នុង​អំឡុង​ពាក់កណ្ដាល​ខែមីនា ២០២២ មាស ១ ដុំ ទម្ងន់ ១២.៥ គីឡូក្រាម មានតម្លៃ​រហូតដល់ ៨០០,០០០ ដុល្លារ​អាម៉េរិក។

ដូច្នេះ តើ​ពិភពលោក​ទាំងមូល​មាន​មាស​ចំនួន​ប៉ុន្មាន​តោន?

មាស​នៅក្នុង​ដី ត្រូវបាន​ចែកចេញជា ២ ក្រុម៖ រ៉ែ​មាស (មាស​ដែល​រង​កម្ដៅ​គ្រប់គ្រាន់​ដល់​ថ្នាក់​រលាយ​ដាច់ដោយឡែក) និង​រ៉ែ​លោហ​មាស (គឺជា​រ៉ែ​មាស​ដែល​នៅ​លា​ឡំ​ជាមួយ​លោហធាតុផ្សេង)។

មាស ៣១ ក្រាម (ជាង ១ តម្លឹង) ត្រូវការ​ចំណាយ​ប្រាក់​ទាញយក​ប្រហែល​ពី ៧០០ ទៅ ១,៤០០ ដុល្លារ​អាម៉េរិក អាស្រ័យ​លើ​ទំហំ​នៃ​ការចំណាយ​សម្រាប់​ដំណើរការ​សកម្មភាព​រុក​រក និង​ទីតាំង​រុករក។

ក្រុម​អ្នកជំនាញ​ផ្នែក​ភូគព្ភសាស្ត្រ គណនា​ឃើញថា មាស​ប្រហែល ៥០,០០០ តោន កំពុងស្ថិត​នៅក្រោម​ដី រង់ចាំ​ការទាញយក។ ចំណែក​មាស​ដែល​ត្រូវបាន​ទាញយក​រួចហើយ មាន​ចំនួន​ជាង ១៩០,០០០ តោន នៅ​ទូទាំង​សកលលោក។

យោងតាម​តួលេខ​ខាងលើ ប្រភព​ផ្គត់ផ្គង់​មាស​ឆៅ​នៅលើ​ពិភពលោក នៅសល់តែ​ប្រហែល ២០% ទៀត​ប៉ុណ្ណោះ។ នៅពេល​រ៉ែ​មាស​ឈានដល់​ដំណាក់កាល «ខ្សោះ» មនុស្ស​មានតែ​កែច្នៃ និង​ប្រើប្រាស់​វា​ឡើងវិញ។

Advertisement