ចិន​និយាយ​ថា ស្ថាន​ទូត​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់​បែក

Hua Chunying

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ឱ្យ​ដឹង​ថា ស្ថាន​ទូត​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីង​តោន​ ជា​ច្រើន​លើក​បាន​រង​ការ​គំរាម​កំហែង​វាយ​ប្រហារ​​ ដោយ​សារ​តែ​ “ការ​គុំកួន​” របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។

“នេះ​គឺជា​ការ​បង្កើន​ការ​កៀប​សង្កត់​ផ្នែក​នយោបាយ​មិន​ធ្លាប់​មាន​របស់​សហរដ្ឋ​អាមេរិក​មក​លើ​ប្រទេស​ចិន​ ក្រោយ​ពី​ទីក្រុង​វ៉ាស៊ីង​តោន​បាន​រឹត​ត្បិត​លើ​សកម្ម​ភាព​របស់​ក្រុម​អ្នក​ការទូត​ចិន​ និង​បាន​បើក​មើល​បញ្ចើ​របស់​ស្ថាប័ន​ការ​ទូត​ចិន​” អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ស្រី Hua Chunying បាន​សរសេរ​បែប​នេះ​កាល​ពី​ថ្ងៃទី​22​កក្កដា​នៅ​លើ​ទំព័រ​ Twitter ក្រោយ​ពី​សហរដ្ឋ​អាមរិក​​ប្រកាស​ស្នើឱ្យ​ស្ថាន​អគ្គ​កុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston បិទ​ទ្វារ​ចាប់​ពី​ថ្ងៃទី​24​កក្កដា​។

“ក្រោយ​ពី​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ការ​ញុះញង់ និង​ការ​គុំកួន​​ដែលត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បំប៉ោង​ ស្ថាន​ទូន​ចិន​ក៏​ទទួលរង​​ការ​គំរាម​កំហែង​បំផ្ទុះ​គ្រាប់​បែក​ និង​ការ​គំរាម​សម្លាប់​” លោកស្រី​ Hua Chunying សរសេរ​បន្ត​ដូច្នេះ ប៉ុន្តែមិនបាន​បញ្ជាក់​លម្អិតថា​ តើ​ការ​គំរាម​កំហែង​នេះ​ អ្នក​ណា​ជា​អ្នក​ធ្វើ​ និង​នៅ​ពេល​ណា​នោះ​ទេ​។

លោក​ស្រី​យល់​ថា ការ​រំលោភ​បំពាន និង​ការ​ធ្វើ​អន្តរាគមន៍​ “មិន​ដែល​មាន​នៅ​ក្នុង​ហ្សែន​ និង​ប្រពៃ​ណី​នៃ​គោល​នយោបាយ​ការ​ទូត​ចិន​នោះ​ឡើយ​” និង​បាន​ចោទ​​ប្រកាន់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ប៉េកាំង​ថា​បាន​វាយ​ប្រហារ​ប្រព័ន្ធ​នយោបាយ​ចិន​ ខណៈ​ដែល​ក្រុម​មន្ត្រី​ការ​ទូត​ចិន​ “កំពុង​ប្រឹង​ប្រែង​ជំរុញ​ទំនាក់​ទំនង​មិត្ត​ភាព​ និង​ការ​យល់​​អំពី​គ្នាទៅ​វិញ​ទៅ​មក​”។

លោក​ស្រី​ Chunying ថ្លែង​ថា “សហរដ្ឋ​អាមេរិកគួរ​តែ​បោះបង់​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​កំហុស​ឆ្គង​របស់​ខ្លួន​។ ប្រទេស​ចិន​ប្រាកដ​ជា​នឹង​ប្រតិ​កម្ម​តប​ត​ដោយ​វិធានការ​ម៉ឺង​ម៉ាត់​បំផុត​”។

សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ស្រី​ Chungying ត្រូវ​បាន​លើក​ឡើង​បន្ទាប់ពី​​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឱ្យបិទ​​ស្ថាន​អគ្គ​កុង​ស៊ុល​ចិន​នៅ​ទីក្រុង​ Houston ដោយ​ចោទ​ថា​ នេះ​គឺជា​មជ្ឈមណ្ឌល​ចារកម្ម​របស់​ចិន​។ ប្រធានាធិបតី Donald Trump ថែម​ទាំង​បាន​ប្រកាស​ថា អាច​បិទ​ទ្វារ​ស្ថាន​កុង​ស៊ុល​ចិន​នៅ​សហរដ្ឋ​អាមេរិក​គ្រប់​ពេល​ នៅ​ពេល​ចាំបាច់​។

ចិន​និយាយ​ថា ស្ថាន​ទូត​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់​បែក
ចិន​និយាយ​ថា ស្ថាន​ទូត​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ ត្រូវ​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់​បែក

ក្រៅ​ពី​នៅ​ Houston ចិន​ក៏​មាន​ស្ថាន​កុង​ស៊ុល​ចំនួន​4​ផ្សេង​ទៀត នៅ​ទីក្រុង​ New York, Los Angeles, San Francisco និង Chicago ទន្ទឹម​នឹង​ស្ថាន​ទូត​នៅ​ទីក្រុង​វ៉ាស៊ីង​តោន​។

ក្រុម​អ្នក​ជំនាញ​អំពី​ប្រទេស​ចិន​​នៅ​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ទីក្រុង​ប៉េកាំង​អាច​បិទ​ស្ថាន​កុង​ស៊ុល​អាមេរិកាំង​​នៅ​ហុង​កុង​ សៀង​ហៃ​ ឬ​ក្វាង​ចូវ​ ដែល​នេះ​គឺ​សុទ្ធ​តែ​អាច​បង្ក​ផលប៉ះពាល់​ដល់​ក្រុម​ហ៊ុន​អាមេរិកាំង​​ដែល​រកស៊ី​នៅ​ប្រទេស​ចិន​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement