ប្រធានាធិបតី​បេឡា​រុស ថា អ៊ុយ​ក្រែ​ន គួរតែ​ធ្វើ​សម្បទាន​ទឹកដី​ឱ្យ រុស្ស៊ី

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko

ប្រធានាធិបតី​បេឡា​រុស លោក Lukashenko យល់ថា អ៊ុយ​ក្រែ​ន អាច​បញ្ចប់សង្គ្រាម​បាន​ដោយ​ការចរចា​ជាមួយ រុស្ស៊ី និង​ធ្វើ​សម្បទាន​ទឹកដី​ដើម្បី​បញ្ចៀស​ហានិភ័យ​កើតសង្គ្រាម​នុយ​ក្លេ​អែរ។

«យើង​ត្រូវតែ​ឈប់ សម្រេច​កិច្ចព្រមព្រៀង បញ្ចប់​ស្ថានការណ៍​ច្របូកច្របល់ និង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន» ប្រធានាធិបតី​បេឡា​រុស លោក Alexander Lukashenko ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ រដ្ឋធានី​មីន​ស្កិ៍ កាលពី​ម្សិលមិញ​ដូច្នេះ។

លោក Lukashenko បន្តថា «ចូរ​ឈប់​ទៅ ហើយ​យើង​នឹង​ស្វែង​រកឃើញ​វិធី​ដើម្បី​បន្ត​រស់។ មិនចាំបាច់​ដើរ​ឆ្ងាយ​ជាង​នេះ ឆ្ងាយ​ជាង​នេះ​គឺជា​ជ្រោះ​ជ្រៅ​នៃ​សង្គ្រាម​នុយ​ក្លេ​អែរ។ មិនបាច់​ទៅដល់​ទីនោះ​ទេ»។

ទន្ទឹមនឹងនេះ ប្រធានាធិបតី​បេឡា​រុស ក៏បាន​ចោទប្រកាន់​បស្ចិម​លោក​ថា កំពុង​ស្វែងរក​ការធ្វើ​សង្គ្រាម​ជាមួយ រុស្ស៊ី និង​បង្ខំ​ឱ្យមាន​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

បើតាម​ប្រធានាធិបតី​បេឡា​រុស រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន អាច​បញ្ចប់សង្គ្រាម​បើសិន​ចាប់ផ្ដើម​ចរចា​ឡើងវិញ​ជាមួយនឹង រុស្ស៊ី និង​ទទួលយក​សំណើ​របស់ មូ​ស្គូ។

លោក Lukashenko អំពាវនាវ​ដល់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន «ចូល​តុ​ចរចា និង​យល់ព្រម​ឈប់​គំរាមកំហែង រុស្ស៊ី» ហើយ​ទទួលយក​ការបាត់បង់​ទឹកដី​នៅ​តំបន់​ភាគខាងត្បូង និង​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន ដែល រុស្ស៊ី កំពុង​កាន់កាប់។

រុស្ស៊ី បានចាប់ផ្ដើម​ចូលលុកលុយ ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។ បេឡា​រុស ដែលជា​សម្ព័ន្ធមិត្ត​រប​ស់ រុស្ស៊ី ដើរតួនាទី​ជា​កន្លែង​ប្រមូលផ្ដុំ​កងកម្លាំង​ទាហាន​របស់ ទីក្រុង​មូ​ស្គូ នៅក្នុង​យុទ្ធនាការ​យោធា​នេះ។

ក៏ប៉ុន្តែ មកដល់ពេលនេះ លោក Lukashenko នៅតែ​ចៀសវាង​ការបញ្ចូល បេឡា​រុស ទៅក្នុង​ភាគី​មួយ​ក្នុង​ស​ង្គ្រ​ម​នៅ អ៊ុយ​ក្រែ​ន ដែល​ប្រការនេះ​ទំនងជា​បណ្ដាលមកពី ប្រជាពលរដ្ឋ​បេឡា​រុស ភាគច្រើន​មិន​គាំទ្រ​ឱ្យ​បញ្ជូន​ទ័ព​ចូលលុកលុយ​ប្រទេសជិតខាង៕

Advertisement