ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន ឆ្លង​កូ​វីដ-១៩

សេត​វិមាន​បានប្រកាសថា ប្រធានាធិបតី ចូ បៃ​ដិ​ន វិជ្ជមាន​នឹង​វីរុស nCoV (កូ​វីដ-១៩) ប៉ុន្តែ មាន​អាការរោគ​ស្រាល ហើយ​ថា នឹងធ្វើ​ច​ត្តា​ឡី​ស័ក​នៅ សេត​វិមាន។

«ព្រឹក​នេះ ប្រធានាធិបតី បៃ​ដិ​ន ទទួលបាន​លទ្ធផល​វិជ្ជមាន​នឹង nCoV។ ប្រធានាធិបតី​បានទទួល​ការចាក់​វ៉ាក់សាំង ៤ ដូ​ស​រួចហើយ ហើយ​បច្ចុប្បន្ន​មាន​អាការរោគ​ស្រាល​ខ្លាំងណាស់» លេខា​ផ្នែក​សារព័ត៌មាន​ប្រចាំ សេត​វិមាន Karine Jean-Pierre បានឱ្យដឹង​កាលពី​ម្សិលមិញ​ដូច្នេះ។

យោងតាម Jean-Pierre លោក បៃ​ដិ​ន អាយុ ៧៩ ឆ្នាំ បានចាប់ផ្ដើម​ប្រើប្រាស់ Paxlovid ដែលជា​ថ្នាំ​ប្រឆាំង​វីរុស អាចជួយ​កាត់បន្ថយ​ហានិភ័យ​ចូល​ពេទ្យ សម្រាប់​អ្នកជំងឺ​កូ​វីដ-១៩។

«តាម​ការ​ណែនាំ​របស់ មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​ជំងឺ​ឆ្លង (CDC) ប្រធានាធិបតី​នឹង​ធ្វើ​ចត្តាឡីស័ក​នៅ​ សេតវិមាន ហើយ​នឹង​បន្ត​ធ្វើ​គ្រប់​កិច្ច​ការ​ទៅ​តាម​តួនាទី​ នៅក្នុង​អំឡុង​ពេល​​ធ្វើ​ចត្តាឡីស័ក» Jean-Pierre ឱ្យ​ដឹង​ដូច្នេះ​។

លោក បៃ​ដិ​ន បានទទួល​ការចាក់​វ៉ាក់សាំង Pfizer បាន ២ ដូ​ស នៅ​មុនពេល​ចូលកាន់​តំណែង​កាលពី​ខែមករា ២០២១, ចាក់​ដូ​ស​ជំរុញ​ដំបូង​នៅ​ខែកញ្ញា ២០២១ និង​ដូច​ជំរុញ​ទី​ពីរ​នៅ​ថ្ងៃទី ៣០ មីនា ២០២២។

ដោយសារតែ​អាយុ​ច្រើន លោក បៃ​ដិ​ន មាន​ហានិភ័យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅពេល​ឆ្លង​កូ​វីដ-១៩ បើ​ទោះ CDC របស់ សហរដ្ឋ​អាម៉េរិក ឱ្យដឹងថា មនុស្ស​វ័យ​ចំណាស់​ដែល​ចាក់​វ៉ាក់សាំង​បាន ៣ ដូ​ស​ឡើងទៅ ​ប្រឈម​នឹង​ការចូល​ពេទ្យ និង​ការស្លាប់​កម្រិត​ទាប។

យោងតាម​មន្ត្រី​មួយរូប សេត​វិមាន​កំពុងតែ​ស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះពាល់ និង​នៅ​ផ្ទាល់​ជាមួយ​ប្រធានាធិបតី ហើយ​ថា​នឹង​ប្រកាស​ព័ត៌មាន​លម្អិត​ក្រោយពី​មាន​លទ្ធផល៕

Advertisement