រដ្ឋមន្ត្រីការបរទេស​របស់ ប្រទេស​រុស្ស៊ី ធ្វើ​ទស្សនកិច្ចនៅ​ ​វៀតណាម

រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov (ស្ដាំ) និង រដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son កាលពីខែកញ្ញា ២០១៩

រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក Sergey Lavrov គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ នៅ ប្រទេស​វៀតណាម តប​តាម​ការអញ្ជើញ​របស់ រដ្ឋមន្ត្រីការបរទេស​វៀតណាម Bui Thanh Son។

លោក Sergey Lavrov នឹងធ្វើ​ទស្សនកិច្ច​នៅ វៀតណាម ចាប់ពី​ថ្ងៃទី ៥ ដល់ទី ៦ កក្កដា ក្នុង​គ្រា​ដែល ប្រទេស​រុស្ស៊ី និង វៀតណាម ឈានដល់​របត់ ១០ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់​ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ​ពេញលេញ។

រុស្ស៊ី និង វៀតណាម បាន​បង្កើត​ទំនាក់ទំនង​ការទូត​កាលពី​ឆ្នាំ ១៩៥០ និង​បាន​ផ្ដើម​កែលម្អ​ទំនាក់ទំនង​ទ្វេភាគី​ចាប់ពី​ឆ្នាំ ២០០១។ ១១ ឆ្នាំ​ក្រោយមក ប្រទេស​ទាំងពីរ​ក៏បាន​ក្លាយជា​ដៃគូ​សហការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ ២០២០ រវាង រុស្ស៊ី និង វៀតណាម បាន​ឡើងដល់ ៤.៨៥ ពាន់​លាន​ដុល្លារ​អាម៉េរិក កើន ៩% ធៀប​នឹង​ឆ្នាំ ២០១៩។ ក្នុង​ឆ្នាំ ២០២១ ការដោះដូរ​ទំនិញ​ទៅមក បាន​ឡើងដល់ ៧.១ ពាន់​លាន​ដុល្លារ កើន​ជាង ២៥% ធៀប​នឹង​ឆ្នាំ ២០២០។ នៅក្នុង ទឹកដី​វៀតណាម រុស្ស៊ី មាន​គម្រោង​រកស៊ី​ចំនួន ១៥១ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ជាង ៩៥០ លាន​ដុល្លារ​អាម៉េរិក។

Advertisement