ថ្ងៃទី ១៣០ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ៖ រដ្ឋធានី​កៀវ បាត់បង់​ Lysychansk

រថក្រោះ T-90M របស់ រុស្ស៊ី

អ៊ុយ​ក្រែ​ន ប្រកាសថា ទាហាន​របស់​ប្រទេស​នេះ បាន​ដក​ថត​ពី​ទីក្រុង Lysychansk បន្ទាប់ពី រុស្ស៊ី ប្រកាសថា «គ្រប់គ្រង​បាន​ទាំងស្រុង» លើ​ទីក្រុង និង​ខេត្ត Lugansk។

«ការបន្ត​ការពារ​ទីក្រុង នឹង​នាំឱ្យមាន​ការបាត់​បង់ជីវិត។ ការសម្រេចចិត្ត​ដកថយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​យុទ្ធជន» កងទ័ព​អ៊ុយ​ក្រែ​ន បានប្រកាស​កាលពី​ថ្ងៃទី ៣ កក្កដា ស្ដីពី​ការសម្រេចចិត្ត​ដក​កងទ័ព​ចេញពី Lysychansk ដែលជា​តំបន់​ការពារ​ចុងក្រោយ​របស់​ពួកគេ​នៅក្នុង​ខេត្ត​ភាគ​ខាងកើត Lugansk (Luhansk)។

មុន​នោះ​មួយថ្ងៃ ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា កងទ័ព​ប្រទេស​នេះ និង​ក្រុម​ផ្ដាច់ខ្លួន «បាន​រំដោះ​សាធារណរដ្ឋ​ប្រជាមានិត Lugansk (LPR)»។ យុទ្ធនាការ​យោធា​ប្រព្រឹត្តឡើង​ដោយ​ជោគជ័យ កងកម្លាំងប្រដាប់អាវុធ​របស់ សហព័ន្ធរុស្ស៊ី និង​បណ្ដា​អង្គភាព​របស់ LPR កំពុង​គ្រប់គ្រង​ទីក្រុង Lysychansk និង​បណ្ដា​តំបន់​ប្រជុំជន​នៅក្បែរនោះ» ប្រកាស​របស់ ក្រសួងការពារជាតិ​រុស្ស៊ី មាន​ឃ្លា​សរសេរ​ដូច្នេះ។

អ្នកជំនាញ​ផ្នែក​យោធា​នៅ បស្ចិម​លោក យល់ថា ការគ្រប់គ្រង​បាន Lysychansk គឺជា​ជ័យជម្នះ​របស់ រុស្ស៊ី។ ប្រការនេះ​មានន័យថា រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន កំពុង​គ្រប់គ្រង​មួយ​ភាគ​ធំ​នៃ​តំបន់ Donbass ដែលមាន ២ ខេត្ត គឺ Lugansk និង Donetsk ជា​តំបន់​ដែលមាន​អណ្ដូងរ៉ែ​ច្រើន និង​វាលស្រែ​ធំធេង។

ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ អង្គការសហប្រជាជាតិ (OHCHR) បានឱ្យដឹងថា ក្នុង​រយៈពេល​ជាង ៤ ខែ នៃ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ជន​ស៊ីវិល​ចំនួន ៤,៧៣១ នាក់​បាន​ស្លាប់ និង​ជាង ៥,៩០០ នាក់​បាន​រងរបួស។

ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន​របស់ អង្គការសហប្រជាជាតិ (UNHCR) ក៏បាន​ឱ្យដឹង​ដែរ​ថា មនុស្ស​ជាង ៨.៤ លាន​នាក់ បាន​ចាក​ចេញពី ទឹកដី​អ៊ុយ​ក្រែ​ន រាប់​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង ខណៈដែល​មនុស្ស​ជាង ៧ លាន​នាក់​ដែល​កំពុង​ស្ថិតនៅ​ក្នុងប្រទេស បាន​ចាកចោល​ផ្ទះសំបែង៕

Advertisement