ប្រទេស​ស៊ី​រី ទទួលស្គាល់​ឯករាជ្យ​នៃ​តំបន់​ផ្ដាច់ខ្លួន​ចំនួន​ពីរ​នៅ អ៊ុយ​ក្រែ​ន

ប្រធានាធិបតី​ស៊ីរី លោក បាឆារ អាល់អាសាធ និង​ ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន

ស៊ី​រី បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់​ចំនួន​ពីរ​នៅ ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន នាំឱ្យ ទីក្រុង​កៀវ ប្រកាស​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយនឹង ទីក្រុង​ដា​ម៉ាស។

«សាធារណរដ្ឋ​អារ៉ាប់​ស៊ី​រី សម្រេចចិត្ត​ទទួលស្គាល់​ឯករាជ្យ និង​អធិបតេយ្យភាព​របស់ សាធារណរដ្ឋ​ប្រជាមានិត Lugansk (Luhansk) និង សាធារណរដ្ឋ​ប្រជាមានិត Donetsk។ យើង​នឹង​ទាក់ទង​ទៅកាន់​ប្រទេស​ទាំងពីរ​ដើម្បី​ឯកភាពគ្នា​ក្នុង​ក្របខ័ណ្ឌ​នៃ​ការបង្កើន​ទំនាក់ទំនង រួមទាំង​ការបង្កើត​ទំនាក់ទំនង​ការទូត​ដែល​សមស្រប​ជាមួយនឹង​ការកំណត់​ដែលមាន​ស្រាប់» ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ស៊ី​រី SANA ដកស្រង់​ប្រភពព័ត៌មាន​ពី ក្រសួងការបរទេស​នៃ​ប្រទេស​នេះ ឱ្យដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ២៩ មិថុនា។

ស៊ី​រី ដែលជា​សម្ព័ន្ធមិត្ត​រប​ស់ រុស្ស៊ី បាន​ក្លាយជា​ប្រទេស​ទី​ពីរ​ក្នុង​ពិភពលោក​ដែល​បានទទួល​ស្គាល់​ឯករាជ្យ​នៃ​តំបន់​ផ្ដាច់ខ្លួន Lugansk និង Donetsk ក្នុង​តំបន់ Donbass ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន។

ភ្លាមៗក្រោយ​ការប្រកាស​របស់ ទីក្រុង​ដា​ម៉ាស អាជ្ញាធរ​អ៊ុយ​ក្រែ​ន ក៏បាន​រិះគន់​យ៉ាងខ្លាំង​ក្លា​ទៅលើ​ការសម្រេចចិត្ត​នេះ។ «យើង​នឹង​កាត់ផ្ដាច់​រាល់​ទំនាក់ទំនង​ជាមួយ ស៊ី​រី» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី សរសេរ​លើ Telegram ដូច្នេះ និង​បាន​ព្រមាន​ថា នឹងដាក់​ទណ្ឌកម្ម​លើ ស៊ី​រី ឱ្យ​ធ្ងន់​ជាង​បច្ចុប្បន្ន និង​បាន​ហៅ​ទង្វើ​របស់ ទីក្រុង​ដា​ម៉ាស ថា ជា​រឿង «គ្មាន​តម្លៃ»។

នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល ប្រទេស​ស៊ី​រី ទទួលស្គាល់​បណ្ដា​តំបន់​ផ្ដាច់ខ្លួន​ដែលមាន រុស្ស៊ី នៅ​ពីក្រោយ។ កាលពី​ឆ្នាំ ២០១៨ ស៊ី​រី ក៏បាន​ទទួលស្គាល់ អូ​សេ​ទី​ខាងត្បូង (South Ossetia) និង អាប​ខា​ហ្ស៊ី ដែល​បានប្រកាស​ឯករាជ្យ​ពី ប្រទេស​ហ្ស​ក​ហ្ស៊ី (Georgia/Gruzia) ធ្វើឱ្យ ទីក្រុង​ប៊ី​លី​ស៊ី ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ ដា​ម៉ាស៕

Advertisement