«ហែក​គុក» នៅ ​កូ​ឡុំ​ប៊ី ​បណ្ដាល​ឱ្យ​​អ្នក​ទោស​ ​៥០ ​នាក់​​បាត់​​បង់​ជីវិត

យោង​តាម​ AFP យ៉ាងហោចណាស់​មាន​អ្នកទោស ៤៩ នាក់ បាន​ស្លាប់ (សារព័ត៌មាន The Sun Daily ថា ៥១ នាក់ស្លាប់) និង​រាប់សិប​នាក់​ទៀត​រងរបួស​នៅពេល​ព្យាយាម​រត់គេច​ពី​ពន្ធនាគារ​នៅ​ទីក្រុង Tulua ភាគ​និរតី​ប្រទេស​កូ​ឡុំ​ប៊ី។

កាលពី​ម្សិលមិញ មន្ត្រី​កូ​ឡុំ​ប៊ី បានឱ្យដឹងថា អំពើហិង្សា​បានកើត​ឡើង​នៅវេលា​ទៀបភ្លឺ ក្នុង​គ្រា​ដែល​អ្នកទោស​នាំគ្នា​ដុត​ពន្ធនាគារ ចំណែក​ក្រុម​សន្តិសុខ​ក៏​រក​វិធី​ទប់ស្កាត់។ អ្នកទោស​ប្រហែល ២០០ នាក់ កំពុង​ជាប់ឃុំ​នៅក្នុង​ទីតាំង​ដែល​អគ្គិភ័យ​ឆាបឆេះ។

«បច្ចុប្បន្ន មនុស្ស​ចំនួន ៤៩ នាក់​បាន​ស្លាប់។ នេះ​ជា​តួលេខ​បឋម និង​អាចមាន​ការប្រែប្រួល» អ្នកនាំពាក្យ​មន្ទីរ​កែប្រែ និង​ពន្ធនាគារ​ជាតិ របស់ កូ​ឡុំ​ប៊ី បញ្ជាក់​ដូច្នេះ។

ក្រុមមន្ត្រី​ពាក់ព័ន្ធ​និយាយថា ជនរងគ្រោះ​ជាច្រើន​បាន​ស្លាប់​ដោយសារ​ត្រូវ​ភ្លើង​ឆេះ ខណៈដែល​សាកសព​មួយចំនួន​មាន​ស្នាម​នៃ​អំពើហិង្សា។ មនុស្ស​ជាង ៥០ នាក់ ដែល​ត្រូវ​រងរបួស​នៅក្នុង​ហេតុការណ៍​ហែក​គុក ត្រូវបាន​បញ្ជូនទៅ​ព្យាបាល។

នេះ​គឺជា​ករណី​អំពើហិង្សា​ក្នុង​ពន្ធនាគារ​ដ៏​អាក្រក់​បំផុត​នៅ កូ​ឡុំ​ប៊ី ក្នុងអំឡុងពេលថ្មីៗនេះ។ ប្រធានាធិបតី Ivan Duque បាន​បង្ហោះ​សារ​លើ Twitter អំពាវនាវ​ឱ្យមាន​ការជួយ និង​ចែករំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជនរងគ្រោះ ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​នេះ។

អំពើហិង្សា​ក្នុង​ពន្ធនាគារ​បង្ក​ដែល​ឱ្យមាន​មនុស្ស​ស្លាប់ មិនមែនជា​រឿង​កម្រ​នោះទេ​នៅ តំបន់​អាម៉េរិក​ឡាទីន។ នៅ ប្រទេស​អេក្វាទ័រ ដែលជា​អ្នកជិតខាង​របស់ កូ​ឡុំ​ប៊ី ក៏​ធ្លាប់មាន​ករណី​ហែក​គុក​ចំនួន ៦ លើក រាប់​ចាប់ពី​ដើមឆ្នាំ ២០២១ បណ្ដាលឱ្យ​មនុស្ស​ជិត ៤០០ នាក់ បាត់បង់​ជីវិត៕

ពន្ធនាគារនៅទីក្រុង Tulua
Advertisement