អ្នក​អវកាសចិន​​ត្រលប់មក​កាន់​ផែនដី​ ក្រោយ​ពី​នៅ​លើស្ថានីយអវកាស​​បាន​ប្រាំខែ

(ប្រទេស​ចិន) -អវកាសចរ​ 3 រូប​នៃ​បេសកកម្ម​ Shenzhou 16 ត្រលប់មក​កាន់​ផែនដី​វិញ​ដោយ​សុវត្ថិភាព​កាល​ពី​ព្រឹក​មិញ​ បន្ទាប់​ពី​បាន​រស់​នៅ​ និង​ធ្វើ​ការ​រយៈ​ពេល​ 5 ខែ​នៅ​លើ​ស្ថានីយ​អវកាស​ Tiangong។

យោង​តាម​ការ​ប្រកាស​របស់​ទីភ្នាក់​ងារ​អវកាស​មាន​មនុស្ស​បើកបរ​ចិន (CMSA) ក្រុម​អ្នក​អវកាស​ដែល​រួមមាន Jing Haipeng, Zhu Yangzhu និង Gui Haichao បាន​ចុះ​ចត​ដោយ​កាប៊ីនឆ្លង​កាត់បរិយាកាស​​​របស់​យាន​អវកាស Shenzhou 16 នៅលើ​ទីលាន​ចុះ​ចត Dongfeng កាល​ពី​វេលាម៉ោង 7 និង 10 នាទី ថ្ងៃទី 31 តុលា (ម៉ោង​នៅ​កម្ពុជា)។

ក្រុម​អ្នក​អវកាស​ Shenzhou 16 ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅកាន់​ស្ថានីយ​អវកាស​ Tiangong ដោយ​រ៉ុក្កែត​ Long March 2F កាល​ពី​ខែ​ឧសភា 2023​។ ពួក​គេ​បាន​បំពេញ​ការ​ងារ​រយៈ​ពេល​ 5 ខែ​នៅ​លើស្ថានីយ​នេះ​។ ចំណែក ក្រុម​ Shenzhou 17 នឹង​ធ្វើ​ការ​រយៈ​ពេល 6 ខែ​នៅ​លើ​ស្ថានីយ Tiangong​ ។

ស្ថានីយ​អវកាស​ចិន Tiangong ដែល​មាន​ទំហំ​ស្មើ​នឹង 20% នៃ​ទំហំ​របស់​ស្ថានីយ​អវកាស​អន្តរជាតិ​ (ISS) ត្រូវ​បាន​ស្ថាបនា​រួច​រាល់​កាល​ពី​ចុង​ឆ្នាំ 2022 ។ ប្រទេស​ចិន​គ្រោង​នឹង​រក្សា​ស្ថានីយអវកាស​ដែល​មាន​មនុស្ស​ធ្វើ​ការ​នេះ ក្នុង​រយៈពេល​យ៉ាង​តិច​មួយ​ទសវត្សរ៍​។ ពួក​គេ​ក៏​មាន​គម្រោង​ពង្រីក​ទំហំ​របស់ស្ថានីយ​រាង​អក្សរ T នេះ​ផងដែរ ដែល​បច្ចុប្បន្ន​មាន​ម៉ូឌុលសរុប​​ចំនួន​បី​៕

Advertisement