បាញ់សម្លាប់​បុគ្គលិក​ភោជនីយដ្ឋាន ព្រោះតែ​រឿង​នំប៉័ង​ និង​ទឹក​ខ្ទិះ

(សហរដ្ឋ​អាម៉េរិក)-បន្ទាប់ពី​បាន​ចោទ​បុគ្គលិក​ថា បានដាក់​ទឹកខ្ទិះ​ច្រើនពេក​ទៅលើ​នំប៉័ង បុរស​ជា​ជនសង្ស័យ បាន​ដក​កាំភ្លើង​បាញ់សម្លាប់​មនុស្ស​នៅក្នុង​ភោជនីយដ្ឋាន Subway នៅ​ទីក្រុង Atlanta។

ជនសង្ស័យ​អាយុ ៣៦ ឆ្នាំ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅក្បែរ​ភោជនីយដ្ឋាន Subway ក្នុង​ទីក្រុង Atlanta បន្ទាប់ពី​បាន​បង្កហេតុ​ខាងលើ នេះ​បើតាម​ស្នងការរង​ប៉ូលិស Charles Hampton Jr. ដែល​បាន​ប្រាប់​កាលពី​ថ្ងៃទី ២៧ មិថុនា។ «នេះ​គឺជា​រឿង​ដ៏​សោកសៅ ដែល​មិនគួរ​កើតឡើង​សោះ» លោក Hampton ថ្លែង​ដូច្នេះ។

ប៉ូលិស​ឱ្យដឹងថា ជនសង្ស័យ​បាន​ជជែក​តវ៉ា​ជាមួយ​ស្ត្រី ២ រូប​ដែលជា​បុគ្គលិក​របស់​ភោជនីយដ្ឋាន Subway កាលពី​ល្ងាច​ថ្ងៃទី ២៦ មិថុនា មុនពេល​បាញ់ប្រហារ បណ្ដាលឱ្យ​ជនរងគ្រោះ​ម្នាក់​បាត់បង់​ជីវិត និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ។

«ពិតជា​ឈឺចិត្ត​ណាស់​នៅពេល​ដឹងថា ស្ត្រី​ជា​បុគ្គលិក វ័យ ២៦ ឆ្នាំ បាន​បាត់​បង់ជីវិត» លោក Hampton រៀបរាប់។ «ខ្ញុំ​ខឹង​ណាស់ នៅពេល​បុគ្គល​ម្នាក់​ដែលមាន​អាវុធ មាន​សិទ្ធិ​សម្រេច​បាញ់សម្លាប់​អ្នកដទៃ​ដើម្បី​ដោះស្រាយ​ទំនាស់​ទាក់ទង​នឹង​នំប៉័ង​មួយ​ដុំ»។

បច្ចុប្បន្ន សមត្ថកិច្ច​មិនទាន់​ប្រកាស​អំពី​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ​នៅឡើយ ដោយសារតែ​កំពុង​ស៊ើបអង្កេត។

Willie Glenn ម្ចាស់​ភោជនីយដ្ឋាន​ខាងលើ​និយាយថា ពិតជា​ឈឺចាប់​ណាស់ នៅពេល «មាន​មនុស្ស​បាញ់ប្រហារ​អ្នកដទៃ ដោយ​គ្រាន់​តែមាន​ទឹកខ្ទិះ​ម៉ា​យូ​ណេ​ស​ច្រើនពេក​នៅលើ​នំប៉័ង។

ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត របស់ អាម៉េរិក (FBI) កាលពីដើម​ខែឧសភា បានប្រកាស​ទិន្នន័យ​មួយ​បង្ហាញថា សហរដ្ឋ​អាម៉េរិក មាន​ករណី​ផ្ទុះអាវុធ​ចំនួន ៦១ លើក ក្នុង​ឆ្នាំ ២០២១ ខ្ពស់បំផុត​ក្នុងអំឡុង​ជាង ២០ ឆ្នាំ​មកនេះ បណ្ដាលឱ្យ​មនុស្ស ១០៣ នាក់​បាត់​បង់ជីវិត និង ១៤០ នាក់ រងរបួស។

Advertisement