កូរ៉េខាងត្បូង បង្ហាញ​រ៉ុក្កែត​អវកាស​ក្នុងស្រុក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

មជ្ឈមណ្ឌលអវកាស Naro នាស្រុក Goheung

កូរ៉េខាងត្បូង កាលពី​ថ្ងៃទី1 មិថុនា ឆ្នាំ2021 បានប្រកាស​បង្ហាញ​ម៉ូ​ដែល​រ៉ុក្កែត​អវកាស​ដំបូង​ដែល​ប្រទេស​នេះ​បាន​អភិវឌ្ឍ និង​ផលិត​ដោយ​ផ្ទាល់ដៃ។ ប្រទេស​នេះ នឹង​បំពេញបែបបទ​ចុងក្រោយ​នានា មុនពេល​បាញ់​បង្ហោះ​នៅ​ចុង​ឆ្នាំនេះ។

សារព័ត៌មាន Yonhap ដកស្រង់​ព័ត៌មាន​ពី​ក្រសួង​វិទ្យាសាស្ត្រ​និង​ព័ត៌មានវិទ្យា​របស់ កូរ៉េខាងត្បូង ឱ្យដឹងថា គំរូ​របស់​រ៉ុក្កែត Nuri ត្រូវបាន​ដំឡើង​លើ​ជើង​ទម្រ ក្នុង​មជ្ឈមណ្ឌល​អវកាស Naro នា​ស្រុក Goheung ចម្ងាយ 473គីឡូម៉ែត្រ​ទៅ​ទិស​ខាងត្បូង​នៃ​រដ្ឋធានី សេ​អ៊ូ​ល។ រ៉ុក្កែត​នេះ​នឹងត្រូវ​ឆ្លងកាត់​ការសាកល្បង​ជាង 1ខែ ហើយ​ត្រូវ​បាញ់​បង្ហោះ​ទៅកាន់​ទី​អវកាស​នៅក្នុង​ខែតុលា ឆ្នាំ2021នេះ។

កូរ៉េខាងត្បូង បាន​ចំណាយ​ប្រាក់ 1.8ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ Nuri តាំងពី​ឆ្នាំ2010។ នេះ​គឺជា​ម៉ូ​ដែល​រ៉ុក្កែត​ផលិត​ក្នុងស្រុក​ដំបូង​គេ​របស់ កូរ៉េខាងត្បូង។

រ៉ុ​ក្កែង​ដែលមាន​ទម្ងន់ 200តោន និង​ប្រើប្រាស់​ម៉ាស៊ីន​ចំនួន 4 នេះ នឹងត្រូវ​បាន​បាញ់​បង្ហោះ​អម​ជាមួយនឹង​វត្ថុ​តំណាង​មួយចំនួន នៅក្នុង​ខែតុលា មុនពេល​ត្រូវ​ហោះ​នាំយក​ផ្កាយរណប​ទម្ងន់ 200គីឡូក្រាម ទៅកាន់​ទី​អវកាស នៅក្នុង​ខែឧសភា ឆ្នាំ2022។

ក្រៅពីនេះ កូរ៉េខាងត្បូង ក៏មាន​គម្រោង​បញ្ជូន​ផ្កាយរណប​ដំបូង​របស់ខ្លួន ឡើងទៅ​កាន់​គន្លង​តារាវិថី នៃ​ឋាន​ព្រះ​ចន្ទ នៅ​ឆ្នាំក្រោយ​ផងដែរ៕

ប្រភព៖ Yonhap, Koreatimes
ប្រែ​សម្រួល៖ បុត្រា

Advertisement