មហាសេដ្ឋី​មានទ្រព្យ​ច្រើនជាងគេ​នៅ អ៊ុយ​ក្រែ​ន ដាក់ពាក្យ​ប្ដឹង​ប្រឆាំង រុស្ស៊ី

ប្រធានាធិបតី​រុស្ស៊ី និង​មហាសេដ្ឋី​លេខ​មួយ​នៅ អ៊ុយក្រែន

មហាសេដ្ឋី Rinat Akhmetov ដាក់ពាក្យ​បណ្ដឹង​ទៅកាន់ តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ទាមទារ​ឱ្យ រុស្ស៊ី សង​ការ​ខូច​ ខាត​​រាប់​ពាន់​លាន​ដុល្លារ ព្រោះតែ​បាន​បំផ្លាញ​រោងចក្រ​ដែកថែប Azovstal នៅ Mariupol ។

លោក Rinat Akhmetov ម្ចាស់​កម្មសិទ្ធិ​នៃ​រោងចក្រ​ផលិត​ដែកថែប Azovstal នៅ​ទីក្រុង Mariupol ជាទី​ដែល ទាហាន​របស់ អ៊ុយ​ក្រែ​ន បាន​ក្រាញននៀល​អស់​ជាច្រើន​សប្ដាហ៍ ក្នុងការ​ទប់ទល់​នឹង​ការវាយប្រហារ​របស់ រុស្ស៊ី បានដាក់​ពាក្យបណ្ដឹង ប្រឆាំងនឹង ទីក្រុង​មូ​ស្គូ «ដោយសារតែ​បាន​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ» របស់លោក នេះ​បើតាម​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសម្បត្តិ SCM របស់​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ អ៊ុយ​ក្រែ​ន។

SCM កាលពី​ថ្ងៃទី ២៧ មិថុនា បានឱ្យដឹងថា លោក Akhmetov ក៏បាន​ស្នើឱ្យ តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ចេញ​សាលក្រម «ទប់ស្កាត់ រុស្ស៊ី ចូលរួម​ធ្វើ​សកម្មភាព​បិទ​ខ្ទប់, ឆក់​ប្លន់, ដឹកជញ្ជូន, បំផ្លាញ​ធញ្ញជាតិ និង​ដែកថែប» ដែល​ផលិត​ដោយ​ក្រុមហ៊ុន​របស់គាត់។

«សកម្មភាព​របស់ កងកម្លាំង​រុស្ស៊ី ដែល​ធ្វើ​ចំពោះ អ៊ុយ​ក្រែ​ន និង​ប្រជាជន​របស់​យើង​គឺមាន​សភាព​ធ្ងន់ធ្ងរ ហើយ​ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ» SCM នាំពាក្យ​លោក Akhmetvo ថ្លែង​ដូច្នេះ។

រោង​ចក្រ Azovstal ត្រូវ​បាន​បំផ្លាញ​គ្មាន​សល់

ពាក្យបណ្ដឹង​របស់ មហាសេដ្ឋី​ខាងលើ បាន​ចោទប្រកាន់ រុស្ស៊ី ថា «បាន​លួច» ផលិតផល​ដូចជា ធញ្ញជាតិ និង​ដែកថែប​ជាដើម ធ្វើឱ្យ​តម្លៃ​ឡើង​ខ្ពស់ បណ្ដាលឱ្យ​ប្រជាជន​នៅ​ទូទាំង​សកលលោក​ធ្លាក់​ទៅក្នុង​គ្រោះ​ទុរភិក្ស។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​របស់ វិមាន​ក្រឹម​ឡាំង Dmitry Peskov ឱ្យដឹងថា រុស្ស៊ី បាន​ដកខ្លួន​ចេញពី តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុប ដូច្នេះ​នឹងមិន​ទទួលរង​ឥទ្ធិពល​ពី​ស្ថាប័ន​នេះ​ទៀត​ទេ។

លោក Akhmetov គឺជា​អ្នកមាន​ជាងគេ​បង្អស់​នៅ អ៊ុយ​ក្រែ​ន ដោយមាន​ទ្រព្យសកម្ម ១៥.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០១៣ នេះ​បើតាម Forbes។ ក៏ប៉ុន្តែ បណ្ដាញ​ពាណិជ្ជកម្ម​របស់លោក បាន​រង​ការខូចខាត​ជា​ដំណំ​នៅក្នុង​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន ក៏ដូចជា​ការប្រយុទ្ធ​គ្នា​អស់​ជាច្រើន​ឆ្នាំ​នៅ​តំបន់​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន។

មហាសេដ្ឋី​ខាងលើ កាលពី​ខែ​កន្លង​បានឱ្យដឹងថា ក្រុមហ៊ុន​ផលិត​ដែកថែប​ធំ​បំផុត​នៅ អ៊ុយ​ក្រែ​ន គឺ Metinvest របស់លោក ត្រូវ​ខាតបង់​អស់ពី ១៧ ទៅ ២០ ពាន់​លាន​ដុល្លារ ដោយសារ រុស្ស៊ី បាន​វាយប្រហារ​លើ​បណ្ដា​រោងចក្រ​ផលិត​ដែកថែប​នៅ Mariupol។ លោក Akhmetov និយាយថា ខ្ទង់​ប្រាក់​សំណង​ជាក់លាក់​សម្រាប់​ការខូចខាត​នឹងត្រូវ​បានប្រកាស​នៅពេល​ក្រោយ៕

 

Advertisement