ទីតាំង​ខួង​យក​ប្រេង​របស់ រុស្ស៊ី នៅ Crimea រង​ការវាយប្រហារ ៖ ច្រើន​នាក់​រងរបួស

កាលពី​ថ្ងៃទី ២០ មិថុនា មានការ​វាយប្រហារ​មួយ​ទៅលើ​ទីតាំង​ខួង​យក​រ៉ែ​របស់ រុស្ស៊ី នៅលើ​សមុទ្រ​នៃ​ឧបទ្វីប Crimea ក្នុង​តំបន់​សមុទ្រ​ខ្មៅ បណ្ដាលឱ្យ​មនុស្ស ៣ នាក់ ត្រូវ​រងរបួស។

សារព័ត៌មាន RT របស់ រុស្ស៊ី ដកស្រង់​សម្ដី​របស់​មេដឹកនាំ​តំបន់ Crimea បានឱ្យដឹងថា ការវាយប្រហារ​ដែល​ស​ង្ស័​យ​ថា​ធ្វើឡើង​ដោយ​កងកម្លាំង​របស់ អ៊ុយ​ក្រែ​ន សំដៅលើ​បណ្ដុំ​នៃ​គ្រឿងចក្រ​ខួង​យក​រ៉ែ​នៅក្បែរ​ឆ្នេរ Crimea ក្នុង​សមុទ្រ​ខ្មៅ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ព្រលឹម​នៃ​ថ្ងៃទី ២០ មិថុនា (ម៉ោង​ក្នុងស្រុក) បណ្ដាលឱ្យ​មនុស្ស ៣ នាក់​រងរបួស។

មេដឹកនាំ Crimea លោក Sergey Aksyonov មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ទីតាំង​ជាក់លាក់​ដែល​បាន​រង​ការវាយប្រហារ ប៉ុន្តែ និយាយថា វា​ជា​ទ្រព្យសម្បត្តិ​របស់ Chernomorneftegaz ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​អណ្ដូងរ៉ែ​ប្រេង និង​ឧស្ម័ន​នៅលើ​សមុទ្រ។ ក្រុមហ៊ុន​ថាមពល Naftogaz របស់ អ៊ុយ​ក្រែ​ន កំពុង​ទាមទារ​កម្មសិទ្ធិ​លើ​ក្រុមហ៊ុន​ខាងលើ​ចាប់តាំងពី​ឆ្នាំ ២០១៤ ជា​ពេលដែល​ក្រុមហ៊ុន Chernomorneftegaz ត្រូវបាន​ដាក់ចូល​ជា​សម្បត្តិ​រដ្ឋ ក្រោយពេល រុស្ស៊ី បាន​រឹបអូស​យក​ឧបទ្វីប Crimea ពី អ៊ុយ​ក្រែ​ន។

លោក Aksyonov ឱ្យដឹងថា មី​ស៊ី​ល​ចំនួន ៣ គ្រាប់ បាន​បាញ់​ចាំ​ប្រព័ន្ធ​ខួង​ចំនួន ។ ក្នុងពេល​មានការ​វាយប្រហារ ទីតាំង​ទាំងនេះ​មាន​មនុស្ស ១០៩ នាក់ កំពុងធ្វើការ។ ការ​ឈ្លៀស​កម្មករ​ចេញពី​កន្លែងកើតហេតុ​ត្រូវបាន​ធ្វើឡើង​ជាបន្ទាន់។

តំណាង​របស់​ឧបទ្វីប Crimea នៅ សភា​រុស្ស៊ី លោកស្រី Olga Kovitidi និយាយថា ទីតាំង​ដែល​បាន​រង​ការវាយប្រហារ​នេះ មាន​ចម្ងាយ​ពី​កំពង់ផែ Odessa របស់ អ៊ុយ​ក្រែ​ន ប្រហែល ៧១ គីឡូម៉ែត្រ។

Advertisement