យន្តហោះ​ត្រូវ​ត្រលប់​ក្រោយ​ និង​ចុះចត​បន្ទាន់ ព្រោះ​តែម៉ាស៊ីន​ត្រូវ​ឆាបឆេះ

យន្តហោះ​របស់​ក្រុម​ហ៊ុន​ SpiceJet

(ឥណ្ឌា)-យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​ដែល​កំពុង​ហោះ​ទៅកាន់ រដ្ឋធានី​ញូវដែលី កាលពី​ម្សិលមិញ ត្រូវ​ចុះចត​ជាបន្ទាន់ ដោយសារតែ​ម៉ាស៊ីន​របស់​វា​ឆាបឆេះ។

យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក SpiceJet បាន​ហោះ​ត្រលប់​ទៅកាន់​ព្រលានយន្តហោះ​នៅឯ​ទីក្រុង Patna ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា នៅពេល​កើតហេតុ​ការណ៍​អគ្គិភ័យ នេះ​បើតាម​សមត្ថកិច្ច។ អ្នកដំណើរ​ទាំង ១៨៥ នាក់ នៅលើ​យន្តហោះ​នេះ ត្រូវបាន​ជម្លៀស​ខ្លួន​ចេញពី​យន្តហោះ​ដោយ​សុវត្ថិភាព។

Chandrashekhar Singh ដែលជា​មន្ត្រី​ក្នុង​តំបន់​មួយរូប​បានឱ្យដឹងថា «មូលហេតុ​នៃ​ករណី​ឆាបឆេះ​នេះ​គឺ​ដោយសារ​បញ្ហា​បច្ចេកទេស។ ក្រុមបច្ចេកទេស​កំពុង​តែ​ធ្វើ​ការវិភាគ»។

អ្នកដំណើរ​ម្នាក់​បាន​និយាយថា អ្នក​នៅលើ​យន្តហោះ​បានឮ​សំឡេង​រំខាន​ខ្លាំង​ក្នុង​រយៈពេល​ប្រហែល ១៥ នាទី​ដំបូង​បន្ទាប់ពី​យន្តហោះ​នេះ​បាន​ហោះ​ឡើង។ «អ្នកបើកបរ​បាន​រាយ​ការណ៍​ថា មាន​បញ្ហា​មួយចំនួន ហើយ​យើង​នឹង​ត្រលប់​ទៅកាន់ទីក្រុង Patna…។ បញ្ហា​នេះ​គឺ​ពិតជា​គួរឱ្យ​ភ័យខ្លាច» អ្នកដំណើរ​ម្នាក់នេះ​បន្ថែម​ដូច្នេះ។

ទូរទស្សន៍ NDTV ដកស្រង់​ប្រភពព័ត៌មាន​ក្នុង​វិស័យ​អាកាសចរណ៍ ឱ្យដឹងថា អគ្គិភ័យ​នេះ​អាច​កើតឡើង​ដោយសារ​សត្វ​ហោះ​បុក​ចូលក្នុង​ម៉ាស៊ីន។

Advertisement