យន្តហោះ ៣ គ្រឿង ធ្លាក់​ជា​បន្តបន្ទាប់ ទ័ពជើងទឹក​អាម៉េរិក ប្រកាស​ផ្អាក​សកម្មភាព​ហោះហើរ

ទ័ពជើងទឹក​របស់ សហរដ្ឋ​អាម៉េរិក ប្រកាស​ផ្អាក​បេសកកម្ម​ហោះហើរ​មិនចាំបាច់​ដើម្បី​ត្រួតពិនិត្យ បន្ទាប់ពី​យន្តហោះ ៣ គ្រឿង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ បណ្ដាលឱ្យ​ទាហាន ៦ នាក់​បាត់​បង់ជីវិត ក្នុងអំឡុងពេល​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ។

«គ្រោះថ្នាក់​នានា​ដែល​ទាក់ទង​នឹង​យន្តហោះ​របស់​ទ័ពជើងទឹក និង​កង​ម៉ា​រី​ន នាពេលថ្មីៗនេះ ធ្វើឱ្យ​បញ្ជាការដ្ឋាន​ទ័ពអាកាស​នៃ​កងទ័ពជើងទឹក ត្រូវ​ប្រកាស​ផ្អាក​សកម្មភាព​ហោះហើរ​នៅ​គ្រប់​អង្គភាព​ក្នុង​ថ្ងៃទី ១៣ មិថុនា។ ប្រការនេះ​អនុញ្ញាត​ឱ្យមាន​ការត្រួត​ពិនិត្យ​វាយតម្លៃ​ហានិភ័យ ក៏ដូចជា​បង្កើន​ការហ្វឹកហាត់​ក្នុង​ការបង្ការ​កំហុសឆ្គង» ទ័ពជើងទឹក​អាម៉េរិក បានប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី ១១ មិថុនា។

ការសម្រេច​របស់ ទ័ពជើងទឹក​អាម៉េរិក ខាងលើ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ករណី​មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ចំនួន ៣ លើក នៅក្នុង​អំឡុងពេល​តែមួយ​សប្ដាហ៍។

កាលពី​ថ្ងៃទី ៣ មិថុនា អ្នកបើកបរ​យន្តហោះ​ម្នាក់ បាន​ស្លាប់​នៅក្នុង​ករណី​ធ្លាក់​យន្តហោះ​ចម្បាំង​ពហុមុខ​ងារ F/A-១៨E Super Hornet នៅឯ​សមុទ្រ​ខ្សាច់ Mojave ក្នុង​រដ្ឋ California។ ៥ ថ្ងៃ​ក្រោយមក ឧទ្ធម្ភាគចក្រ MV-២២B ១ គ្រឿង​របស់ កង​ម៉ា​រីក​អាម៉េរិក ក៏បាន​ធ្លាក់​នៅឯ Glamis រដ្ឋ California បណ្ដាលឱ្យ​ទាហាន ៥ នាក់​បាត់​បង់ជីវិត។

ថ្ងៃទី ៩ មិថុនា ឧទ្ធម្ភាគចក្រ MH-៦០S ១ គ្រឿង​របស់ ទ័ពជើងទឹក​អាម៉េរិក ក៏បាន​ធ្លាក់​នៅក្បែរ​មូលដ្ឋាន El Centro។ សមាជិក​ក្រុម​ហោះហើរ​ដែលមាន​គ្នា ៤ នាក់ បាន​រួច​ពី​ការស្លាប់ ក្នុងនោះ​មាន​ម្នាក់​រងរបួស៕

Advertisement