(វីដេអូ)-រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ហ្វ៊ី​លី​ពី​ន ដួលសន្លប់​នៅក្នុង​ព្រឹត្តិការណ៍​នៃ​ទិវា​បុណ្យ​ឯករាជ្យ

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Lorenzana ដួលសន្លប់​ក្នុង​ព្រឹត្តិការណ៍​នៃ​ទិវា​ឯករាជ្យ​របស់ ប្រទេស​ហ្វ៊ី​លី​ពី​ន ប៉ុន្តែ មានការ​បញ្ជាក់ថា សុខភាព​បាន​ប្រសើរ​ឡើងវិញ​ហើយ។

វីដេអូ និង​រូបភាព​ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ហ្វ៊ី​លី​ពី​ន Delfin Lorenzana ទំនងជា​បាត់បង់​ស្មារតី និង​ដួល​ទៅ​លើដី​នៅក្នុង​ព្រឹត្តិការណ៍​ទិវា​ឯករាជ្យ នៅឯ​ឧទ្យាន Rizal ក្នុង រដ្ឋធានី​ម៉ានីល កាលពី​ព្រឹក​ថ្ងៃទី ១២ មិថុនា។

អ្នកនាំពាក្យ​នៃ​ក្រសួងការពារជាតិ​ហ្វ៊ី​លី​ពី​ន Arsenio Andolong បាន​បញ្ជាក់ថា លោក Lorenzana បាន​ដួលសន្លប់​នៅក្នុង​ព្រឹត្តិការណ៍​ខាងលើ ប៉ុន្តែ ថា ស្ថានភាព​សុខភាព​បាន​ប្រសើរ​ឡើងវិញ​ហើយ និង​ត្រូវ​បន្ត​សម្រាក​យក​កម្លាំង។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Lorenzana អាយុ ៧៣ ឆ្នាំ ក៏បាន​ប្រកាស​នៅលើ​ទំព័រ Facebook ថា លោក​បាន​ប្រសើរ​ឡើងវិញ និង​ត្រូវការ​សម្រាក​យក​កម្លាំង ដោយ​លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​មុន​នោះ​បង្ហាញថា សុខភាព​របស់លោក​នៅ​តែ​ធម្មតា។ «កិច្ចប្រជុំ​ជា​បន្តបន្ទាប់​មួយចំនួន​ស្ដីពី​សន្តិសុខ​អន្តរជាតិ​កាលពីពេលថ្មីៗនេះ ប្រហែលជា​បាន​ប៉ះពាល់​ដល់​សុខភាព​របស់ខ្ញុំ។ សីតុណ្ហភាព​ព្រឹក​នេះ​ក៏​ក្ដៅ​ខ្លាំង» លោក Lorenzana បាន​សរសេរ​ដូច្នេះ អម​ជាមួយនឹង​រូបថត​ញញឹម​នៅលើ​គ្រែ​ក្នុង​មន្ទីរពេទ្យ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Lorenzana បាន​ត្រលប់​មក​ពី​ សិង្ហបុរី កាលពីព្រឹក​ថ្ងៃទី ១២ មិថុនា​ បន្ទាប់​ពី​បាន​ចូល​រួមព្រឹត្តិ​ការណ៍​​​សន្ទនា​ Shagri-La លើក​ទី ១៩ និង​មាន​ជំនួប​ជាមួយ​ក្រុម​មេដឹក​នាំបរទេស​ដែល​​ជា​សមភាគី​របស់​លោក​។

Advertisement