បាញ់រះ​នៅឯ​រោងចក្រ​អាម៉េរិក បណ្ដាលឱ្យ​ច្រើន​នាក់​បាត់​បង់ជីវិត

មនុស្ស​យ៉ាងតិច ៣ នាក់​បាន​ស្លាប់ និង ២ នាក់​រងរបួស​នៅពេល​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់រះ​នៅក្នុង​រោងចក្រ​មួយ​ក្នុង​រដ្ឋ Maryland ហើយ​ក្រោយមក​ក៏បាន​ប្រយុទ្ធ​ជាមួយ​សមត្ថកិច្ច។

ហេតុការណ៍​បាញ់រះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល ១៤កន្លះ ថ្ងៃទី ៩ មិថុនា (ម៉ោង ១កន្លះ ថ្ងៃទី ១០ មិថុនា នៅ ភ្នំពេញ) នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​បេតុង Columbia Machine ក្នុង​ទីរួមស្រុក Smithsburg នៃ​ស្រុក​វ៉ា​ស៊ី​ង​តោន។

ការិយាល័យ​ប៉ូលិស​ស្រុក​វ៉ា​ស៊ី​ង​តោន ឱ្យដឹងថា ក្នុងករណី​ផ្ទុះអាវុធ​នេះ​មាន​មនុស្ស ៤ នាក់​ត្រូវ​គ្រាប់កាំភ្លើង​នៅក្នុង​រោងចក្រ ក្នុងនោះ​មាន ៣ នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់។ ជនសង្ស័យ​បាន​ចាក​ចេញពី​កន្លែងកើតហេតុ ប៉ុន្តែ​ត្រូវ​ប៉ូលិស​ដេញតាម។

ប្រកាស​របស់​ការិយាល័យ​ប៉ូលិស​ខាងលើ​បានឱ្យដឹងថា «ការប្រយុទ្ធ​គ្នា​រវាង​ក្រុមប៉ូលិស និង​ជនសង្ស័យ បាន​បណ្ដាលឱ្យមាន​ករ​ណី​រងរបួស​ទាំងសងខាង និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ»។

ប៉ូលិស Carly Hose និយាយថា ជនសង្ស័យ​ជាម​នុស្ស​ប្រុស ប៉ុន្តែ​មិនទាន់​បង្ហាញ​ព័ត៌មាន​លម្អិត​ជាង​នេះ។ រថយន្តរ​បស់ជនស​ង្ស័​យ​ត្រូវបាន​រកឃើញ​នៅ​កន្លែង​មួយ​ដែលមាន​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ។

នាយកដ្ឋាន​គ្រប់គ្រង​គ្រឿង​ស្រវឹង ថ្នាំជក់ កាំភ្លើង និង​គ្រឿងផ្ទុះ របស់​រដ្ឋ Maryland និង ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) ឱ្យដឹងថា កម្លាំង​ពិសេស​របស់​ពួកគេ​កំពុង​ប្រឹងប្រែង​ជួយ​ដល់​ការិយាល័យ​ប៉ូលិស​ដើម្បី​ស៊ើបអង្កេត​លើ​ករណី​បាញ់ប្រហារ​នេះ។

នេះ​គឺជា​ករណី​បាញ់រះ​លើក​ទី ២៥៤ នៅ សហរដ្ឋ​អាម៉េរិក ក្នុង​ឆ្នាំ ២០២២ ដែល​តួលេខ​នេះ​ជិត​ស្មើនឹង​ករណី​បាញ់រះ​សរុប​ក្នុង​ឆ្នាំ ២០២១ នេះ​បើតាម​អង្គការ​កត់ត្រា​ករណី​ហិង្សា​ពាក់ព័ន្ធ​នឹង​កាំភ្លើង។

កាលពី​ខែឧសភា​កន្លងទៅ មាន​ករណី​ផ្ទុះអាវុធ​មួយ​នៅឯ​សាលាបឋមសិក្សា​មួយ​ក្នុង​ទីក្រុង Uvalde រដ្ឋ Texas បាន​បណ្ដាលឱ្យ​សិស្ស និង​គ្រូបង្រៀន​ចំនួន ១៩ នាក់​បាត់​បង់ជីវិត។ ជនសង្ស័យ Salvador Ramos ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​នៅនឹងកន្លែង​កើតហេតុ៕

Advertisement