ទីក្រុង​របស់ អ៊ុយ​ក្រែ​ន ត្រៀម​​ធ្វើ​​ប្រជា​មតិ​​បញ្ចូល​​ខ្លួន​​ទៅ​ក្នុង​ សហព័ន្ធ​រុស្ស៊ី

មេដឹកនាំ​អាជ្ញាធរ​យោធា-ស៊ីវិល នៃ​ទីក្រុង Melitopol លោកស្រី Galina Danilchenko ប្រកាស​ចាប់ផ្ដើម​ត្រៀម​សម្រាប់​ការធ្វើប្រជាមតិ​ស្ដីពី​ការបង្រួបបង្រួម​ទឹកដី​ទៅក្នុង សហព័ន្ធរុស្ស៊ី។

«យើង​ដឹងថា អនាគត​របស់ពួក​​យើង​គឺ​នៅ​ជាមួយនឹង រុស្ស៊ី។ យើង​បានចាប់ផ្ដើម​ត្រៀម​សម្រាប់​ការធ្វើប្រជាមតិ» លោកស្រី Danilchenko ថ្លែង​នៅលើ​ទំព័រ​បណ្ដាញ​សង្គម Telegram របស់​អាជ្ញាធរ​ក្រុង​ដូច្នេះ។

លោកស្រី Danilchenko បានឱ្យដឹងថា លោក Sergey Kiriyenko អនុប្រធាន​ការិយាល័យ​ទីមួយ​របស់ វិមាន​ក្រឹម​ឡាំង ក៏​បានមក​ធ្វើ​ទស្សនកិច្ច Melitopol។

មុន​នោះ មេដឹកនាំ​រង​នៃ អាជ្ញាធរ​យោធា-ស៊ីវិល Kherson លោក Kirill Stremousov កាលពី​ថ្ងៃទី ៧ មិថុនា និយាយថា តំបន់​នេះ​អាច​នឹងត្រូវ​សម្រេចចិត្ត​ដើរ​តាម​សេណារីយោ​របស់ Crimea ទាក់ទង​នឹង​ការច្របាច់បញ្ចូល​ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី។ Kherson ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ រុស្ស៊ី ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៃ​យុទ្ធនាការ​យោធា​ដែល មូ​ស្គូ បានធ្វើ​ឡើង​នៅ អ៊ុយ​ក្រែ​ន កាលពី​ជាង ៣ ខែ​មុន។

តំបន់ Crimea កាលពី​ឆ្នាំ​ ២០១៤ ត្រូវ​បាន​ច្របាច់​បញ្ចូល​ទៅ​ក្នុង​ សហព័ន្ធ​រុស្ស៊ី តាម​រយៈ​ការ​ធ្វើ​ប្រជាមតិ​។

Advertisement