មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង ១២ ដង របស់ រុស្ស៊ី វាយប្រហារ​ទីបញ្ជាការ​របស់ អ៊ុយ​ក្រែ​ន

មីស៊ីល Kinzhal បំពាក់​លើយន្តហោះ​ MiG-31K របស់ រុស្ស៊ី កាលពី​ឆ្នាំ​ ២០១៨

កងទ័ព​រុស្ស៊ី បាន​វាយប្រហារ​ទៅលើ​ទីបញ្ជាការ​នៃ​អង្គភាព​យោធា​មួយ​ក្នុង​តំបន់​ភាគ​ខាងកើត Donbass ដោយ​ប្រើប្រាស់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង ១២ ដង Kinzhal។

«ប្រព័ន្ធ​មី​ស៊ី​ល Kinzhal បាន​កម្ទេច​ទីបញ្ជាការ​ក្រោម​ដី​ដែល​ត្រូវបាន​ការពារ​យ៉ាងរឹងមាំ នៃ​អង្គភាព​យោធា​មួយ​របស់ អ៊ុយ​ក្រែ​ន នៅក្បែរ​ភូមិ Chasov Yar ក្នុង​តំបន់ Donbass កាលពី​ល្ងាច​ថ្ងៃទី ១១ មេសា» អ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov ឱ្យដឹង​ដូច្នេះ។

នេះ​គឺជា​លើក​ទី ៣ ហើយ ដែល កងទ័ព​រុស្ស៊ី ប្រើប្រាស់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង ១២ ដង Kinzhal នៅក្នុង​សង្គ្រាម​ឈ្លានពាន​របស់ខ្លួន​នៅ អ៊ុយ​ក្រែ​ន។

Igor Konashenkov ក៏បាន​ប្រាប់ថា មី​ស៊ី​ល​ដែល​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ បាញ់​ពី​យន្តហោះ​របស់ រុស្ស៊ី ក៏បាន​បំផ្លាញ​ទម្រ​កាំជ្រួច​ផ្លោង Tochk-U មួយកន្លែង និង​ទម្រ​កាំជ្រួច​ហ្វូង​មាន​ប្រព័ន្ធ​នាំ​ផ្លូវ​ដែល​លាក់​ក្រោម​ដី​ចំនួន ២ នៅ​តំបន់ Selidovo ភាគ​ខាងកើត Donetsk។ មូលដ្ឋាន​របស់​ក្រុម Right Sector ក្បែរ​តំបន់ Novogrodovka ខេត្ត Donetsk ក៏​ត្រូវបាន​វាយប្រហារ​ពី​អាកាស។

ក្រសួងការពារជាតិរ​បស់ អ៊ុយ​ក្រែ​ន មិនទាន់មាន​ប្រតិកម្ម​អ្វី​ទៅនឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

 

Advertisement