ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់ ប្រទេស​ហូ​ឡង់

ក្រុមហ៊ុន​ថាមពល GasTerra របស់ ហូ​ឡង់ កាលពី​ថ្ងៃទី ៣០ ឧសភា ប្រកាសថា ក្រុមហ៊ុន​ថាមពល​រដ្ឋ Gazprom របស់ រុស្ស៊ី នឹង​ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ក្រុមហ៊ុន​នេះ បន្ទាប់ពី ហូ​ឡង់ បាន​បដិសេធ​ទូទាត់​ដោយ​ប្រា​ក់រូ​ប្ល​រុស្ស៊ី។

យោងតាម​ប្រកាស​របស់ GasTerra ក្រុមហ៊ុន Gazprom នឹង​ឈប់​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ក្រុមហ៊ុន​នេះ​ចាប់ពី​ថ្ងៃទី ៣១ ឧសភា​តទៅ។

ការសម្រេច​របស់​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី មានន័យថា ឧស្ម័ន ២ ពាន់​លាន​ម៉ែត្រគូប នឹងមិន​ត្រូវបាន​ផ្គត់ផ្គង់​ដល់ ហូ​ឡង់ ចាប់ពីពេលនេះ​រហូតដល់​ខែតុលា ២០២២។ ក្រុមហ៊ុន​របស់ ហូ​ឡង់ បាន «ព្យាករ​រួចហើយ​លើ​បញ្ហា​នេះ» ហើយ​បាន​ងាក​ទៅ​ទិញ​ឧស្ម័ន​ពី​កន្លែង​ដទៃ។

ក្រោយពី​លោកខាងលិច​ចាប់ផ្ដើម​ដាក់ទណ្ឌកម្ម​លើ រុស្ស៊ី ព្រោះតែ​បាន​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន ទីក្រុង​មូ​ស្គូ ក៏បាន​តម្រូវឱ្យ​អតិថិជន​ដែល «មិន​ស្និទ្ធ» នឹង រុស្ស៊ី ក្នុងនោះ​មាន​ប្រទេស​ជាច្រើន​នៅ អឺរ៉ុប ទូទាត់​ដោយ​ប្រាក់​រូ​ប្ល។

មួយផ្នែក​នៃ​ក្រុមហ៊ុន GasTerra គឺជា​កម្មសិទ្ធិ​របស់ រដ្ឋ​ហូ​ឡង់ ដែល​ធ្វើ​ជំនួញ​ក្នុង​វិស័យ​ឧស្ម័ន​លើ​ពិភពលោក។ វា​ជា​កម្មសិទ្ធិរួម​របស់ Royal Dutch Shell នៃ ប្រទេស​អង់គ្លេស (២៥%), Esso (ExxonMobil) របស់ សហរដ្ឋ​អាម៉េរិក (២៥%) និង ក្រុមហ៊ុន EBN របស់ រដ្ឋាភិបាល​ហូ​ឡង់ (៥០%)។

Advertisement